(ខេត្តសៀមរាប)៖ យុវជនម្នាក់បានត្រូវផ្លែដាវ ដាច់កស្លាប់ និងពីរនាក់រងរបួសធ្ងន់ និងស្រាល ឯពីរនាក់ទៀតរត់រួច ក្នុងហេតុការរងការកាប់ប្រហារពីយុវជនមួយក្រុមទៀត។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៩ និង ៣០ នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវ៦០ម ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សមត្ថកិច្ចក្នុងហេតុការបានឱ្យដឹងថា ករណី ឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន០២នាក់ ជឹះម៉ូតូ០១គ្រឿង ម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ(អត់ចាំស្លាកលេខ) បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ មួយក្រុមមានគ្នា០៥នាក់ ជឹះម៉ូតូចំនួន០៣គ្រឿង។ ក្រោយបង្កការកាប់សម្លាប់ក្រុមជនដៃដល់គេចខ្លួនបាត់ បន្សល់តែជនរងគ្រោះ។
ប្រភពបន្តថា ជនរងគ្រោះទី១-ឈ្មោះ ឆាត មុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ស្លាប់)។ ទី២-ឈ្មោះចៅ ចាម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ត សៀមរាប (របួសធ្ងន់)។ទី៣-ឈ្មោះភឿន ភា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(របួសស្រាល)។ ទី៤-ឈ្មោះចៅ ចេន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(គ្មានរបួស)។ទី៥-ឈ្មោះធី ចេក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(គ្មានរបួស)។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងករណីនេះ នៅមិនទាន់ដឹងមូលហេតុ ច្បាស់លាស់នោះទេ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះស្រាវជ្រាវ ស៊ើបអង្កេតតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់។ សពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ។ រីឯជនរង គ្រោះ ០២នាក់ ដែលរងរបួស ត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យ៕