(ខេត្តសៀមរាប) ៖ បងប្អូនស្រី ២នាក់ជិះម៉ូតូឌុបគ្នា ឆ្លងកាត់ផ្លូវត្រូវរថយន្តស្លាកលេខ(ខ.ម) បើកបរលឿនជាន់ហ្វ្រាំងមិនទាន់បុក បណ្ដាលឱ្យរបួសធ្ងន់ទាំងពីរនាក់ ឃើញសភាពមិនស្រួលអ្នកបើកបររថយន្តចុះរត់គេចបាត់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នៅផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែតលេខ ២៥១-២៥២ លើ ស្ថិតក្នុងភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។
លោកអធិការនគរបាលស្រុកជីក្រែង បានប្រាប់ឱ្យដឹងថា មុនកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក LEXUS-LS 4.60L ពាក់ផ្លាកលេខខេមរភូមិន្ទ ០១/២-៨៥៥៤ ជពណ៌ខ្មៅ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ ដោយបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច មកដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ឆ្នាំ២០១៧ ពាក់ស្លាកលេខ សៀមរាប 1Y- 7118 ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ផុន ហេង ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិតាយ៉ុន ឃុំស្ពានត្នោត ស្រុកជីក្រែង និងដឹកមនុស្សម្នាក់ទៀតឈ្មោះ តឿ ធី ភេទស្រី អាយុ១៣ឆ្នាំ ត្រូវជាប្អូន ដោយធ្ដោយធ្វើដំណើរពីត្បូងទៅជើង(ទិសខ្វែងគ្នា) បណ្ដាលឱ្យជនរងគ្រោះរងរបួស ធ្ងន់ទាំង២នាក់។ ជនរងគ្រោះបានបញ្ជូនទៅមន្ទីរ ពេទ្យបង្អែកខេត្តសៀមរាប។
ក្រោយពីកើតហេតុភ្លាមៗនោះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរកអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់នោះ រហូតឈានដល់កំណត់មុខសញ្ញាបាននៅក្នុងវត្ត ខ្នាធ្នង់ ស្ថិតនៅភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។ ក្រោយសមត្ថកិច្ចបានឃាត់ខ្លួនឃាត់បុរសម្នាក់បាននៅចំណុចវាលស្រែខាងលិចវត្ត មានឈ្មោះ ទិត វាសនា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះ៩៤១ ក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យបានបញ្ជូនមកការិយាល័យជំនាញ នៃស្នងការនគរបាលខេត្ត ដើម្បីធ្វើការសួរនាំបន្ត។
បន្ទាប់ពីកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្ត បានសួរនាំរួច បុរសរូបនេះបានឆ្លើយសារភាពថា ខ្លួនបានបើកឡានមកពីភ្នំពេញម្នាក់ឯង លុះមកដល់ចំណុចកើតហេតុ ក៏បុកម៉ូតូជនរងគ្រោះនៅស្រុកជីក្រែងពិតមែន នេះបើតាមសម្តីរបស់មន្ត្រីនគរបាលជំនាញនៃស្នងការនគរបាលខេត្តសៀមរាប។
បច្ចុប្បន្ន រថយន្ត និងម៉ូតូ សមត្ថកិច្ចបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីដំណើរការអនុវត្តតាមនីតិវិធីច្បាប់៕