(ខេត្តបាត់ដំបង) ៖ គរបាលស្រុកកំរៀង ខេត្តបាត់ដំបង បានចេញមកបញ្ជាក់វិញថា ករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងស្រុកកំរៀង កាលពីវេលាម៉ោង ៨ និង ៤០ នាទី យប់ ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២០ ត្រង់ចំណុចក្រុមទី២ ភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង រវាងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-8375 ជាមួយនឹងរថយន្តម៉ាក RANGEROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-5959 នោះ គឺជាការភាន់ច្រឡំ ម៉ាករថយន្តតែប៉ុណ្ណោះ តែធាតុពិត (រថយន្តបង្ក) គឺជារថយន្តម៉ាក RANGE ROVER ទៅវិញទេ ។
សូមបញ្ជាក់ថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមានមនុស្សចំនួន ២ នាក់បានស្លាប់ នៅនឹងកន្លែង និង ២នាក់ទៀត រងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ ។
លោក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង បានបញ្ជាក់ថា បញ្ហានេះបង្កដោយរថយន្តម៉ាក RANGE ROVER បានរេចង្កូតទៅខាងឆ្វេង ហើយបានបុកទៅលើរថយន្តម៉ាក សាំយ៉ុង បណ្ដាលឱ្យមនុស្ស ២ នាក់ ស្លាប់នៅនឹងកន្លែង ដោយឡែកពេលនោះដែររថយន្តបង្កនេះ ក៏ត្រូវបានកម្លាំងការិយាល័យចរាចរណ៍ខេត្ត នាំយកទៅការិយាល័យដើម្បីរក្សាទុក រីឯរថយន្តសាំយ៉ុង គឺរក្សាទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន ៕