(ភ្នំពេញ) ៖ បុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ដោយសារបើករថយន្តម៉ាក Range Rover បោះពួយក្នុងល្បឿនលឿនស្ទើរហោះជ្រុលទៅបុកក្បាលថ្ម ព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងលាន់ស្នូរដូចរន្ទះបាញ់ បណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាង ឯរថយន្តបែកម៉ាសុីន ខូចខាតស្ទើរទាំងស្រុង។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចស្តុបចំការមន តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AL-2721 ធ្វើដំណើរទិសដៅពីត្បូងទៅជើង ក្នុងសន្ថានភាពស្រវឹងស្រា បោះពួយក្នុងល្បឿនលឿនស្ទើរហោះ មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលបាក់អស់មួយកង់ ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាង និងបែកម៉ាស៊ីនរងការខូចខាតស្ទើរទាំងស្រុង និងបន្សល់ទុកនូវលុយដុល្លារមួយចំនួននៅក្នុងរថយន្ត។ រីឯតៃកុងរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕