(ភ្នំពេញ) ៖ មនុស្ស៣នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ២គហរឿងជិះបុកគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវថៃហ្គឺរ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៩ និង៤៥ នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។
យោងតាមប្រភពពី លោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅបានឱ្យដឹងថាកាលពីវេលាម៉ោង១៩ និង៤៥នាទីយប់ ថ្ងៃទី១៣សីហានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ១HE ៤៣១៤ បើកបរដោយឈ្មោះភាក សេងហួរ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិតាមាស ឃុំជើងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រួមដំណើរជាមួយស្ត្រី ឈ្មោះ ភៀង ហ៊ីង អាយុ៣១ឆ្នាំ ស្នាក់នៅភូមិ/ឃុំជាមួយគ្នា បានធ្វើដំណើរតាមបណ្ដោយផ្លូវថៃហ្គឺរ័ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន។
លុះទៅដល់ចំណុចកើតហេតុ ក៏បុកជាមួយម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១M-៩៧ ២០ បើកបរដោយឈ្មោះ មាស សានិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយជ្រំ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរទាំង៣នាក់ និងត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។
តាមសាក្សីបានប្រាប់សមត្ថកិច្ចថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺភាគីសងខាងបើកបរលឿន និងបញ្ច្រាសទិសគ្នា។ ក្រោយពីចុះជួយអន្តរាគមន៍ហើយវាស់វែងធ្វើកំណត់ហេតុ នគរបាលខណ្ឌច្បារអំពៅ បាននាំយកម៉ូតូទាំង២គ្រឿង មករក្សាទុកដោះស្រាយនៅអធិការដ្ឋាន៕