(ភ្នំពេញ)៖ នគរបាលផ្កាយ១ម្នាក់ ស្លៀកពាក់ស៊ីវិល បានមកផឹកស៊ី ខណៈស្រវឹងស្រឿងៗ សុំស្នេហ៍ពីស្ត្រីម្ចាស់ហាងមិនបាន ក្តៅចិត្តឈានទៅដល់ដកកាំភ្លើង ខ្លីគំរាមបាញ់ បណ្ដាលឱ្យភ្ញៀវកំពុងផឹកស៊ីដូចគ្នារត់ចែកជើងគ្នា ។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ នៅហាងផឹកស៊ី យីហោ វិមានព្រិល ស្ថិតនៅតាមបណ្តោយផ្លូវ ១៦៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ស្លៀកពាក់ស៊ីវិល ក៏ប៉ុន្តែបានត្រូវគេស្គាល់ថាជានគរបាលឧត្តមសេនីយ៍ត្រី (ផ្កាយ១) វ័យក្មេង បានជិះរថយន្តម៉ាក ឡិចស៊ីស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ នគរបាល 2-7119 បានចូលទៅហាងផឹកស៊ី ដែលមានយីហោ ” វិមានព្រិល ” ។
ប្រភពបានបញ្ជាក់ថាៈ ខណៈស្រវឹងស្រឿងៗ បុរសម្នាក់នោះបានសុំស្នេហ៍ពីម្ចាស់ហាង ក៏បក៏ប៉ុន្តែស្ត្រីម្ចាស់ហាងមានប្រតិកម្ម នូវអំពើមិនសមរម្យនេះ និង ដើម្បីការពារសិទ្ធិ និងកិត្តិយសរបស់ខ្លួន បង្កឱ្យលោកឧត្តមសេនីយ៍វ័យក្មេងនោះ មានភាពអាម៉ាស់ និងខឹងសម្បាយ៉ាងខ្លាំង ដោយសដោយសារការចែចង់លោមសុំស្នេហ៍មិនបានដូចចិត្តប៉ង ក្តៅពេញឱរាហើយក៏បែរជាផ្ទុះហិង្សាជាមួយម្ចាស់ហាង មួយប្រាវ រួចរួចក៏បើករថយន្តចេញបាត់ទៅទាំងភាពអាម៉ាស ។
ប្រភពបានបន្តទៀតថា មួយសន្ទុះក្រោយមក ស្រាប់តែលោកឧត្តមសេនីយ៍នគរបាលវ័យក្មេងរូបនេះ ទំនងក្តៅចិត្ត ចាញ់ចិត្ត ភាពអាម៉ាស់រោលរាលខ្លាំងពេកក៏បើករថយន្តមកហាងផឹកស៊ី ” វិមានព្រិល ” វិញ ម្ដងនេះលែងលួងលោមសុំស្នេហ៍ដូចមុនហើយ បានដកកាំភ្លើងគំរាមបាញ់ ត្រូវបានម្ចាស់ហាង រាយការណ៍ទៅកងកម្លាំងនគរបាល និងអាវុធហត្ថចំការមន ឱ្យជួយធ្វើអន្តរាគមន៍។
ភ្លាមៗនោះ កងកម្លាំងមានសមត្ថកិច្ច បានចុះទៅដល់កន្លែងភ្លាមៗ តែជនបង្កបានឡើងរថយន្ត បើកគេចចេញ ពីកន្លែងកើតហេតុ ហើយក៏ត្រូវបានសមត្ថកិច្ចដេញតាមពីក្រោយ រហូតដល់ផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ទើបឃាត់រថយន្ត និងបុរសម្នាក់ ដែលជាខ្មាន់កាំភ្លើងនោះបាន ហើយក៏បាននាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌចំការមនវិញ។
បន្បន្ទាប់ពីបញ្ជូនជនបង្កអុកឡុកបំភិតបំភ័យប្រជាពលរដ្ឋស្លូតត្រង់នោះមកដល់អធិការដ្ឋាននគរបាលខណ្ឌចំការមន សមត្ថកិច្ច បានបង្ហាញអត្តសញ្ញាណជនបង្កនោះឱ្យដឹងថា មានឈ្មោះ (ជិន សាមីឌី) អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) (ជជាអនុប្រធាននាយកដ្ឋាន) ទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
បច្ចុប្បន្ន ឧត្តមសេនីយ៍ត្រីវ័យក្មេងផឹកស៊ីស្រវឹងសុំស្នេហ៍គេមិនបានសម្រេចផ្ទុះហិង្សានោះត្រូវបាន សមត្ថកិច្ច នាំខ្លួនមកសាកសួរ។ រីឯស្ត្រីម្នាក់ ដែលជាម្ចាស់ហាងខាងលើ ក៏ត្រូវបានសមត្ថកិច្ច អញ្ជើញមកកាន់អធិការដ្ឋាន ខណ្ឌចំការមន ផងដែរ ដើម្បីសាកសួរពីមូលហេតុ ហើយអធិការដ្ថាននគរបាលខណ្ឌចំការមនបានបញ្ជូនខ្លួនលោកឧត្តមសេនីយ៍ទៅកាន់ក្រសួងមហាផ្ទៃ តែគេមិនដឹងថាលោកឧត្តមសេនីយ៍វ័យក្មេងរូបនេះត្រូវបានក្រសួងចាត់ការយ៉ាងដូចម្តេចនោះទេ៕