រថយន្ត​ដឹក​ដែក​ចុះ​ពី​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ដាច់ហ្វ្រាំង បុក​រះ​រថយន្ត​៤​គ្រឿង​ និង​កង់​បី​ឥណ្ឌា​១គ្រឿង
ដោយ Heng  ថ្ងៃទី 10 August, 2020  ម៉ោង 09:26 | សន្តិសុខ​សង្គម

(ភ្នំពេញេ) ៖ រថយន្ត​ដឹក​ដែក​មួយ​គ្រឿង​ ​ខ​ណៈ​ដែល​រថយន្ត​បង្ក​ចុះ​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ ដាច់ហ្វ្រាំងបានបុករះរថយន្តចំនួន៤គ្រឿង​ និង​ម៉ូតូ​កង់​បី​ឥណ្ឌា​១​គ្រឿង។ ហេតុការណ៍​គ្រោះថ្នាក់​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ និង០០នាទីព្រឹកថ្ងៃទី១០ ខែ​សីហា​ នៅ​ចំណុច​ភ្លើងស្តុប​គល់​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ ស្ថិត​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​

​យោង​តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ ឯក សារ៉ន អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឱ្យដឹងថា ​នៅមុន​ពេល​កើតហេតុ​រថយន្ត​ដឹក​ដែក​ពាក់​ស្លាក​លេខ​ភ្នំពេញ ៣D-៥៨ ០០ បាន​បើកបរ​ឆ្លង​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ ចុះ​មក​ច្បារអំពៅ​ ប៉ុន្តែ​បាន​ដាច់​ហ្វ្រាំង​ក៏បានបុករះរថយន្តចំនួន៤គ្រឿង ​និង​ម៉ូតូ​កង់​បី​ឥណ្ឌា​១​គ្រឿង ​ដែល​កំពុង​ឈប់​ភ្លើងស្តុប​។​

លោក​អធិការរង​បន្ត​ថា ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ មិន​បង្ក​ឱ្យប៉ះពាល់អាយុជីវិតមនុស្សនោះទេ ​ប៉ុន្តែ​ខូចខាត​រថយន្ត​សេរី​ទំនើប​២​គ្រឿង​ និង​២​គ្រឿង​ទៀត​ខូចខាត​មធ្យម​។ បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តដឹកដែក ឈ្មោះ ឃួង ឃាង ភេទ​ប្រុស​ អាយុ ៣៣ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រំដេង​ ឃុំ​ព្រែក​រំដេង​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម ត្រូវបាននគរបាលចរាចរណ៍ច្បារអំពៅឃាត់ខ្លួន។

នគរបាលចរាចរណ៍បានបញ្ជាក់ថា រថយន្ត ដែល​ខូចខាត​ធ្ងន់ធ្ងរ​ម៉ាក​ លុចស៊ីស៥៧០ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២AL៩៦៩៥ ម្ចាស់រថយន្ត ឈ្មោះ ​កុង ធី ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​មុខរបរ​លក់ដូរ ​ស្នាក់នៅ​ផ្ទះ​លេខ​៨EO​ ផ្លូវ១៥៤ ភូមិ៧ សង្កាត់​ផ្សារ​កណ្តាល​ ខណ្ឌ​ដូនពេញ និង​រថយន្ត​បា​ឡែន​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២V-០៩០៧ ​មាន​ម្ចាស់​ឈ្មោះ​ លឹម សុខា ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ​ ស្នាក់នៅ​ភូមិ​តាងៅ​ សង្កាត់​និរោធ ​ខណ្ឌ​ច្បារអំពៅ​។​

​ដោយឡែក​រថយន្ត​២​គ្រឿង​ទៀត និងម៉ូតូកង់បីឥណ្ឌា ត្រូវ​បាន​ដោះស្រាយ​រួចរាល់​នៅសល់​រថយន្ត​២​គ្រឿង​និង​រថយន្ត​បង្ក ​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃស្នងការរាជធានីភ្នំពេញ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...