(ភ្នំពេញ) ៖ ស្ត្រីម្នាក់បើករថយន្តម៉ាកព្រូស ស្រូតឆ្លងភ្លើងស្តុបលឿនពេក ជ្រុលបុកបុរសម្នាក់ជិះម៉ូតូហុងដាឃ្លីកដួល ហើយរេចង្កូតមកបុកបុរសម្នាក់អង្គុយលើកង់បីអានកាសែត ក្រឡាប់រឺម៉កកង់បីមិនទាន់អស់ល្បឿន បន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលរងកាខូចខាត បង្កឱ្យរបួសស្រាល២នាក់។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៧ង៧ និង០០នាទី ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចស្តុបវត្តលង្កា តាមផ្លូវព្រះសីហនុ កែងផ្លូវ៥១សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកព្រូសពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ ២AY-១៨៨២ ស្ត្រីនោះ ឈ្មោះទ្រឿង គីចលាង អាយុ ២៩ឆ្នាំ ស្នាក់ នៅខេត្តក្រចេះ។ រថយន្តបើកតាមផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ដល់ភ្លើងស្តុបខៀវ ស្រាប់តែភ្លើងលោតមកក្រហម ក៏គាត់ជើងបន្ថែមល្បឿនឲ្យផុតស្តុប តែចៃដន្យមានបុរសម្នាក់ បើកម៉ូតូម៉ាកហុងដាឃ្លីក ពាក់ផ្លាកលេខ នគរបាល ១-១៩៩៥ ឆ្លងកាត់ទទឹងផ្លូវតាមផ្លូវ៥១ ក្នុងទិសដៅពីជើងមកត្បូងជាន់ហ្វ្រាំមិនទាន់ បានបុកម៉ូតូឃ្លីករួចបន្តរេចង្កូតបុកម៉ូតូកង់បីចតនៅលើចិញ្ចើមផ្លូវ ប៉ើងប៉ើងក្រឡាប់ហើយជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលខូចខាត និងបង្កឱ្យបុរស២នាក់របួសស្រាល។ ភ្លាមស្ត្រីអ្នកបើកបររថយន្តគាត់មិនមានរបួស ហើយមិនរត់គេចដែរ ។ រថយន្តខូចខាតផ្ទុះពោងសុវត្ថិភាព និងខូច១កំណាត់ខាងមុខទាំងសុង ។
នគរបាលបានទំនាក់ទំនងទៅនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ ដើម្បីមកវាស់វែងយករថយន្តបង្កហេតុ និងម៉ូតូ២គ្រឿង រក្សាទុកដោយសារខូចខាតសម្បត្តិរដ្ឋផង រង់ចាំធ្វើការដោះស្រាយពេលក្រោយ៕