(ភ្នំពេញ) ៖ បុរសម្នាក់បើកថយន្តសង្ស័យស្រវឹងព្រឹលភ្នែកបានរ៉េចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប់បះជើង កាលពីវេលាម៉ោង៣ និង៣០នាទីរំលងអធ្រាត្រ ឈានថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ២៧១ ក្បែរសាលាជាស៉ីមសាមគ្គី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
សសមត្ថកិច្ចបានឱ្យដឹងថ រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍នេះមានម៉ាក corolla ពណ៌ស ស្លាកលេខ ភ្នំពេញ 2E-8017 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីលិចមកកើត ភ្លាមនោះពេលដែលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរថយន្តខាងលើក្រឡាប់ផ្ងារជើងឡើងលើ រីឯអ្នកបើកបរបានលូនចេញពីរថយន្តរងរបួសស្រាល។
ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕