(ខេត្តកំពង់ឆ្នាំង)៖ ប្រុសម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តមុខស្លាប់ភ្លាមនៅកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវ ជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩១ និង៩២ ក្នុងភូមិទី២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង កាលពីរំលងអធ្រាត្រចូលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ។
ប៉ូលីសចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3A-1879 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ជាចំណុចផ្លូវកោងរថយន្តនោះបានបុកជាមួយនឹងម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1D-4725 ដែលឆ្លងផ្លូវ បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាម។ ក្រោយ ពេលកើតហេតុតុ អ្នកបើកបររថយន្តបង្កចុះរត់គេច ខ្លួនបាត់។
ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះលឹម វឿន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិប្រាំបីឆោម ឃុំពង្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ។
រថយន្ត និងម៉ូតូនោះត្រូវបាននគរបាលអូសយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ៕