(ភ្នំពេញ)៖ សិស្សសាលាជម្ពូវ័នម្នាក់ ជិះម៉ូតូទៅប្រឡង ត្រូវរថយន្ត កៀរដួលហើយកិនស្លាប់ភ្លាមភ្លាមនៅកន្លែងកើតហតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ នៅតាមផ្លូវជាតិលេខ៤ មុខវត្តជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ លន់ សៀងលី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្សសាលា រៀនថ្នាក់ទី៧ នៃអនុវិទ្យាល័យជម្ពូវ័ន មានទីលំនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ក្បែរកន្លែងកើតហេតុ ។
ប្រភពនៅកន្លែងកើតហេត បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1K-7116 បើកបរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តបើកស្របទិសគ្នាកៀរដួលហើយកិនស្លាប់ភ្លាមនៅកន្លែងកើតហេតុ។ រថយន្តកូរ៉េមួយគ្រឿងនោះ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-5449។ ក្រោយពីបង្កហេតុរថយន្តព្យាយាមបើករត់ បានជាង១គីឡូម៉ែត្រ ទើបកម្លាំងសមត្ថកិច្ចតាមចាប់ឃាត់បាន រួមទាំងអ្នកបើកបរ ។
តាមសម្តីអ្នកបើកបររថយន្ត ឈ្មោះ លួន ស៊ាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្តដឹកទំនិញ មានទីលំនៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ជនរងគ្រោះជិះប៉ះរថយន្តគេផ្សេងហើយខ្ទាតចូលរថយន្តរបស់គាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ ស្លាកស្នាមរួចប្រគល់សាកសពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចជំនាញវាស់វែងរួច រួមទាំងអ្នកបើកបរផង នគរបាលនាំយកទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕