(ខេត្តព្រះវិហារ)៖ រថយន្តមិនស្គាល់អត្តសញ្ញាណបានបើកកៀរម៉ូតូឱ្យដួលផ្ទុះឆាបឆេះអស់ទាំងស្រុងនិងបណ្តាលឱ្យអ្នកជិះឌុបគ្នាពីរនាក់រងរបួសធ្ងន់។ រីឯរថយន្តបានបន្ថែមល្បឿនបើកគេចបាត់។ហេតុការណ៍ នោះបានកើតឡើងនៅលើផ្លូវជាតិលេខ៩ស្ថិតក្នុងភូមិស្រះឈូកមសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ កាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២០។
នគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វឿន វណ្ណាភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សនៅភូមិភារកិច្ចសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ រងរបួសធ្ងន់។ម្នាក់ទៀតឈ្មោះ វន មីនា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សនៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ រងរបួសធ្ងន់។
ប្រភពដដែលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឡើងដោយរថយន្តមិនស្គាល់អត្តសញ្ញាណ បានបើកមកកៀរម៉ូតូមួយគ្រឿងម៉ាស៊ុយហ្សុយគីនិចពណ៌សផលិតឆ្នាំ២០១៤ពាក់ស្លាកលេខព្រះវិហារ1B-7299 បណ្តាលឱ្យផ្ទុះឆេះខូចខាតទាំងស្រុង និងឱ្យអ្នកជិះពីរនាក់រងរបួសធ្ងន់។
សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវរកអត្តសញ្ញាណអ្នកប្រព្រឹត្តដែលបានបើករថយន្តបង្កការគ្រោះថ្នាក់នេះដើម្បីនាំខ្លួនមកដោះស្រាយតាមច្បាប់៕