(ភ្នំពេញ)៖ រថយន្តព្រូស១គ្រឿងរបស់បុគ្គលិកហាងវែនតាមួយកន្លែងចតនៅក្បែរចិញ្ចើមផ្លូវត្រូវបំណែកស៊ីម៉ង់ត៍មួយដុំទម្ងន់ប្រមាណជាង១០ គីឡូ បានរបេះធ្លាក់ពីអាគារចាស់ទ្រុឌទ្រោមមកចំកញ្ចក់ខាងមុខធ្លាយបែករងការខូចខាត តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្សទេ។ហេតុការណ៍នេះវេលាម៉ោង ៥ និង២៧នាទីល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុចមុខហាង វ៉ែនតា EYEHUT ស្ថិតនៅផ្លូវកម្ពុជាក្រោម ស្តុប BS កែងនឹងផ្លូវព្រះមុន្នីវង្ស សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គឺមានរថយន្តម៉ាកព្រូសពណ៌ក្រហម ពាក់ស្លាកលេខ 2BD-8348 របស់ស្ត្រីម្នាក់ដែលជាបុគ្គលិក ហាងវ៉ែនតា EYEHUT មកចតនៅទីនេះជាប្រចាំ លុះនៅម៉ោងកើតហេតុ ស្រាប់តែមានបំណែកស៊ីម៉ង់ត៍ ទម្ងន់ប្រមាណជាង១០គីឡូ បាក់របេះធ្លាក់មកពីជាន់ទី៣នៃកំពស់អាគារ៥ជាន់ មកចំរថយន្តខាលើ ។
ចំពោះដំណោះស្រាយយ៉ាងណា បូលិសប៉ុស្តិ៍មូលដ្ឋាន បានបញ្ជាក់ថាពាក់ព័ន្ធនឹងខាងសាលាសង្កាត់ ឬសាលាខណ្ឌ។ ដោយឡែកផ្ទះជាន់ទី៣ដែលជាកន្លែងបង្កបាក់បំណែកស៊ីម៉ង់ត៍នោះ បើតាមការឱ្យដឹងពីអ្នករស់នៅក្បែរនោះថាគ្មានមនុស្សរស់នៅនោះទេ ពោលគឺទីនោះភាគច្រើនជាផ្ទះជួល ។ រីឯស្ត្រីម្ចាស់រថយន្តវិញបានដឹងថា គាត់មិនចង់បានអ្វីច្រើននោះទេ គឺគ្រាន់តែជួសជុលរថយន្ត ម្ចាស់ផ្ទះខាងលើចេញមុខមកដោះស្រាយជួសជុលរថយន្តឱ្យគាត់ជាការស្រេច។
អាគារនេះកន្លងមកក៏ធ្លាប់ធ្លាក់ដុំបំណែកស៊ីម៉ង់ត៍មកក្រោមផងដែរ ៕