(ខេត្តស្វាយរៀង)៖ យុវជន២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់។ដោយសារពួកគេបានជិះម៉ូតូឌុបគ្នាជិះវ៉ាជែងក្នុងល្បឿនលឿន បានទៅបុករថយន្តបើកបញ្ច្រាស់ទិសគ្នាពេញទាំងអស់ ម៉ូតូបាក់បែកជាបំណែកៗ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រលេខ១៤៩ និង១៥០ស្ថិតក្នុងភូមិកំពោតប្រោសសង្កាត់ច្រកម្ទេស ក្រុងបាវិតខេត្ត ស្វាយរៀង ។
សមត្ថកិច្ចបានឱ្យដឹងថា មានម៉ូតូមួយគ្រឿងជិះគ្នា៣ នាក់ ម៉ាកនិច ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង1N-0213 បើកបរដោយឈ្មោះ ឃួន ចន្ថន ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សនៅភូមិព្រៃគៀវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង (ស្លាប់)។ អ្នករួមដំណើរ២នាក់ទៀតឈ្មោះ ឆោ ធារិទ្ធភេទប្រុស អាយុ១៦ ជាសិស្សនៅក្នុងភូមិព្រៃព្នៅ១ ឃុំព្រៃព្នៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (ស្លាប់)និងឈ្មោះ ផន សុផាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ នៅក្នុងភូមិគោកស្រម៉ ឃុំសង្កែស្រុករំដួល ខេត្តស្វាយរៀង រងរបួសធ្ងន់។
ម៉ូតូបុកជាមួយរថយន្តម៉ាក ស៊ីណា ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AP-1992 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានខ្ទាតមកប៉ះរថយន្តម៉ាកហាយឡេនឌឺ មួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរស្របទិសគ្នាពីទិសខាងលិចទៅកើតម(អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ)។ ចំពោះមធ្យោបាយទាំង២ គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕