(ភ្នំពេញ)៖ នារីម្នាក់បើករថយន្ត toyota prius ក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកថ្មពុះចែកទ្រូងផ្លូវពេញទំហឹងរងការខូចខាត ផ្នែកខាងមុខក្បាលរថយន្តយ៉ាងដំណំ។ ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១២ និង ១០ នាទីយប់ ឈានចូលថ្ងៃសុក្រទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈមេឃកំពុងភ្លៀង។
សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់បើករថយន្តម៉ាកព្រូស មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AI -7811 ពណ៌ប្រផេះ បើកបរក្នុងទិសដៅពីត្បូង មកជើង មកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកនឹងថ្មទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យរងការខូច ខាតផ្នែកខាងមុខនៃរថយន្តយ៉ាងដំណំហើយ។
នារីអ្នកបើកបររូបនោះបានបញ្ជាក់ថា មកពីគាត់ភ្នែកមីញ៉ូប ទើបរាងស្រវាំងជ្រុលទៅបុកនឹងទ្រូងផ្លូវយ៉ាងដូច្នេះ។ ទោះយ៉ាងណាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាង៍ខាងលើ មិនបានបង្កឱ្យមានអ្នករងរបួសនោះទេ។
ក្រោយមក នារីខាងលេីបានទុករថយន្តនៅកន្លែងកេីតហេតុហេីយចេញទៅបាត់ ។ បន្ទាប់មកទេីបមានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជរាជធានីភ្នំពេញ ៕