(ភ្នំពេញ)៖ សង្ស័យស្រវឹងស្រា បើករថយន្តលឿនដូចដូចខ្យល់ព្យុះក្នុងរាត្រី បានកៀរម៉ូតូកង់បី បន្តទៅបុកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងលាន់ដូចរន្ទះបាញ់។ហេតុការណ៍បង្កហេតុរំខានសង្គមនេះបានកើតឡើង កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវ២៧១កែងផ្លូវ៥០៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កម៉ាក លុចស៊ីស RX ៤០០h ពណ៌ទឹក ប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2AK-9165 បានបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់។ រថយន្តបង្កខាងលើ ធ្វើដំណើរពីជើងទៅត្បូងយ៉ាងលឿន មកដល់ចំណុចកើតហេតុ មានកង់បីមួយគ្រឿង បើកលឿនដូចគ្នា ប៉ុន្តែដោយសារអ្នកបើកបររថយន្តខ្លាចបុកកង់បី ក៏កាច់ចង្កូតគេច បណ្ដាលឱ្យទៅបុករបាំងទ្រូងផ្លូវ រងការខូចខាតទាំងសងខាង ក្រឡាប់ផ្ងារជើង ។
ក្រោយពេលកើតហេតុអ្នកបើកបររត់គេចពីកន្លែងកើត ហើយសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំលោកប្រុសអ្នកបើកបរចូលខ្លួនទៅដោះស្រាយការខូចខាតទ្រព្យសម្បត្តិសាធារណៈ៕