(ភ្នំពេញ)៖ ស្ត្រីម្នាក់ ជិះម៉ូតូ ពេលយប់លឿនជ្រុលទៅបុកគូទរថយន្តកុងតឺន័រ ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវបានបាក់កស្លាប់ភ្លាមៗ នៅវេលាម៉ោង ១១យប់ ថ្ងៃព្រហស្បតិ៍ទី២ ខែកក្កដា ឆ្នាំ ២០២០ នៅតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះហៅ ម៉ែអាសាក់ អាយុ៣០ឆ្នាំ ជាចុងភៅ ស្នាក់នៅផ្ទះជួលខាងក្រោយផ្សារព្រែកលៀប ខណ្ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3F-1917 ចតចោលនៅកន្លែងកើតហេតុរយៈពេល២ថ្ងៃមកហើយ ដោយសារតែរថយន្តខូចជួសជុលមិនទាន់រួច។ នៅម៉ោងកើតហេតុ គេឃើញស្ត្រីខាងលើបើកម៉ូតូម៉ាកហុងដាគុបជ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1D-0916 ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តកុងតឺន័រដែលចតចោលពេញទំហឹងបាក់កស្លាប់ភ្លាមៗ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចក៏បានទាក់ទងជំនាញចរាចរណ៍រាជធានីមកយកម៉ូតូ និងរថយន្តកុងតឺន័រទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ និងធ្វើកំណត់ហេតុប្រគល់សពទៅឱ្យរថយន្តសាមុយ យកទៅតម្កល់នៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕