(ខេត្តកណ្ដាល)៖ សិប្បកម្មផលិតពពុះសណ្ដែកចំនួន ៧កន្លែងដែលសមត្ថកិច្ចជំនាញរកឃើញមានការប្រើប្រាស់សារធាតុគីមី បូរ៉ាក់ ត្រូវបានសមត្ថកិច្ចជំនាញចុះបិទទាំងស្រុងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ ស្ថិតនៅភូមិពុកឫស្សី និងភូមិស្វាយអាត់ ឃុំពុកឫស្សី ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល។
មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តកណ្តាល សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី អធិការស្រុក ប៉ូលីសប៉ុស្តិ៍រដ្ឋបាល បានទទួលការឯកភាពពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។
ក្រោយរកឃើញពពុះសណ្ដែក ផលិតរួចមានផ្ទុកគីមីបូរ៉ាក់ (គីមីសម្រាប់រក្សាសាកសព) ចំនួន១០៨ គីឡូក្រាម នៅទីតាំងផលិតពពុះសណ្ដែកចំនួន៧កន្លែង ត្រូវបានបិទបណ្ដោះអាសន្ន ត្រូវបានរឹបអូសយកទៅរក្សាទុក ដើម្បីធ្វើការបំផ្លាញចោល នៅពេលក្រោយ ដើម្បីការពារផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកប្រធានសាខាក៏បានសំណូមពរម្ចាស់សិប្បកម្មទាំងអស់ ដែលកំពុងប្រកបរបរពាក់ព័ន្ធ សូមមេត្តាកុំប្រើប្រាស់សារធាតុគីមីខុសច្បាប់បន្តទៀត ឬសុំឲ្យបញ្ឈប់ជាបន្ទាន់ ព្រោះវាបានធ្វើឲ្យប៉ះពាល់ សុខភាពប្រជាជនធ្ងន់ធ្ងរណាស់ ហើយអាចភ្លាត់ស្នៀត ប៉ះចំបងប្អូនសាច់ញាតិ អ្នកផលិតនៅថ្ងៃណាមួយក៏ថាបាន ហើយសារធាតុគីមីហាមឃាត់នេះ គ្រោះថ្នាក់ណាស់ បើសិនជាពិសារទៅ នឹងបង្កជាជំងឺមហារីក និងជំងឺប្លែកៗច្រើនមុខណាស់។
ការរកស៊ីដោយចរិកទុច្ចរិតនេះស្មើនឹង មានចេតនាសម្លាប់ប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគលក្ខណៈប្រយោល។ ដូច្នេះសូមជំនាញ សមត្ថកិច្ច អាជ្ញាធរ ស្ថាប័នតុលាការមេត្តាចាត់ការតាមផ្លូវច្បាប់ដើម្បីកុំឲ្យជនទុច្ចរិតទាំងអស់នេះខ្លួនដោយងាយហើយអាចបន្តទៅរួចបើកអត់លិឍនៅទីកន្លែងផ្សេងទៀត។
សូមបញ្ជាក់ថា៖បម្ចាស់ទីតាំងទាំង៧ មានរាយនាមដូចខាងក្រោម៖
-ទី១៖ លោក យ័ន្ត ឌឹន ចំនួន២៨,៥គីឡូក្រាម
-ទី២៖ លោក វ៉ូច សាវុន ចំនួន២៤គីឡូក្រាម
-ទី៣៖ លោកស្រី ស្រេង សុខមួយ ចំនួន១២គីឡូក្រាម
-ទី៤៖ លោក ស្រេង ហួរ ចំនួន៥គីឡូក្រាម
-ទី៥៖ លោក ជន់ សុខភាព ចំនួន១០គីឡូក្រាម
-ទី៦៖ លោកស្រី សៀង មឿន ចំនួន២៣.៥គីឡូក្រាម
-ទី៧៖ លោកស្រី កូយ ស៊ីតាវ ចំនួន៥គីឡូក្រាម។
ប្រជាពលរដ្ឋកំពុងតាមដាន ពីចំណាត់ការរបស់ ជំនាញ សមត្ថកិច្ច អាជ្ញាធរ ស្ថាប័នតុលាការ តើចាត់បែបណាទៅលើម្ចាស់ទីតាំង ទាំង៧ខាងលើ ខណៈមានអត្តសញ្ញាណ រកឃើញផ្ទុកសារធាតុគីមី ក្នុងការផលិតពពុះសណ្ដែក៕