(ភ្នំពេញ) ៖ ម្ចាស់ផ្ទះ ព្រមទាំងអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បីដែលស្ថិតនៅនឹងកន្លែងកើតហេតុបាននាំគ្នារត់ជែងជើងគ្នាទាំងព្រលឹងចុងសក់ ខណៈពេលប្រទះឃើញរថយន្តបែនកង់៦ ដឹកខ្សាច់១គ្រឿងបើកបរក្នុងល្បឿនលឿនរេចង្កូតសំដៅមកបុករះទាំងកំរោល បបណ្ដាលឱ្យរងការខូចខាត សំយ៉ាប និងផ្ទះលក់បន្លែ ព្រមទាំងផ្ទះលក់អីវ៉ាន់ចាប់ហួយ សរុបចំនួន៣ខ្នង ម៉ូតូម៉ាកគុបជ្រុង១គ្រឿង និងម៉ូតូកង់បី១គ្រឿងផងដែរ សំណាងល្អម្ចាស់ផ្ទះខាងលើរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង២ និង១៥នាទីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នៅលើកកំណាត់មហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តបែនដឹកខ្សាច់មួយគ្រឿងខាងលើ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1925 បើកបរដោយបុរសម្នាក់ឈ្មោះ ប៊ុន លី អាយុជាង២០ឆ្នាំ។
តាមប្រភពព័ត៌មានពីអ្នកភូមិបានឱ្យដឹងថា នៅមុនកើតហេតុ រថយន្តបង្កបានបើកបរក្នុងល្បឿនលឿន ក្នុងក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ពុំដឹងថាយ៉ាងម៉េចនោះទេ ស្រាប់តែរេចង្កូតឡើងទៅលើចិញ្ចើមផ្លូវ រួចបុករះផ្ទះខាងលើខណៈម្ចាស់កំពុងតែលក់ដូរ ហើយក៏កំពុងមានអ្នកឈរទិញផងដែរ បណ្ដាលឱ្យបាក់សំយ៉ាប និងខូចខាតអីវាន់ខ្ទេចខ្ទី។
បន្ទាប់មករថយន្តនោះមិនទាន់អស់ល្បឿនក៏បានជ្រុលបន្តទៅបុកម៉ូតូម៉ាកហុងដាគុបជ្រុង និងម៉ូតូកង់បី បណ្ដាលឲ្យដួលនិងក្រឡាប់ជាបន្តបន្ទាប់ទៀត ទើបទៅមុខលែងរួច ។ ចំណែកឯម្ចាស់ផ្ទះដែលជាអ្នកលក់ដូររួមជាមួយអ្នកទិញ និងម្ចាស់ម៉ូតូ ម៉ូតូកង់បីនាំគ្នារត់ជាន់ជើងគ្នាទាំងព្រលឹងចុងសក់ គេចផុត ទើបគ្មានអ្នករងរបួសឬបាត់បង់ជីវិត ។ចំណែកអ្នកបើកបររថយន្តមិនបានរត់គេចខ្លួននោះទេ ។
តាមប្រភពពីបុរសជាអ្នកបើកបររថយន្តបានឱ្យដឹងថា ខណៈពេលគាត់បើកបររថយន្តទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូ១គ្រឿងជិះគ្នា២នាក់ប្ដីប្រពន្ធក្នុងទិសដៅស្របគ្នាបានជិះជ្រែចូលពីមុខរថយន្តរបស់គាត់ ពេលនោះគាត់បានបើកគេចចេញ ទើបបណ្ដាលឱ្យរថយន្តបែកកាប៉ែនជាន់ហ្វ្រាំងអត់ជាប់ ក៏ជ្រុលទៅបុករះផ្ទះ និងម៉ូតូព្រមទាំងម៉ូតូកង់បីខាងលើជាបន្តបន្ទាប់បែបនេះតែម្ដង។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោមបានចុះទៅកាន់កន្លែងកើតហេតុ រួចរាយការណ៍ជូននគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យឱ្យចុះទៅធ្វើការវាស់វែង និងឱ្យភាគីរថយន្តជួបដោះស្រាយជាមួយម្ចាស់ផ្ទះនិងម្ចាស់ម៉ូតូដើម្បីបញ្ចប់រឿង៕