(ខេត្តបន្ទាយមានជ័យ)៖ ស្ត្រីម្នាក់ត្រូវបុរសជាប្តីវាយចំនួន០២ពូថៅចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិនាំយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ អំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា ស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ ធន លាងហាន អាយុ៣៨ឆ្នាំ និង បុរសជាប្តីឈ្មោះ ស៊ិន ស៊ីសុផាត អាយុ៣៨ឆ្នាំ ពីរនាក់ប្តីប្រពន្ធរស់នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ បុរសជាប្តីបានស្រវឹងស្រា បង្កជាជម្លោះជាមួយប្រពន្ធកើតជារឿងឈ្លោះប្រកែកគ្នា ដោយអំណាចស្រាចូលពោះភ្លេចគិតពីការអត់ឱនអត់ធ្មត់ ប្តីរូបនេះក៏បានយកពូថៅវាយទៅលើប្រពន្ធចំក្បាលចំនួន០២ពូថៅ បណ្តាលឱ្យបែកក្បាលហូរឈាម ប្រពន្ធបានស្ទុះរត់ឱ្យអ្នកជិតខាងជួយ និងដឹកទៅព្យាបាលនៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត ។
ចំណែកជនដៃដល់ ត្រូវបានប្រជាពលរដ្ឋ មេភូមិ និងកម្លាំងប្រជាការពារចាប់ឃាត់ខ្លួនប្រគល់ឱ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងនាំខ្លួនទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ។
លោកអធិការបានឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថា ខ្លួនពិតជាវាយប្រពន្ធគេពិតមែន ព្រោះតែស្រវឹងស្រានិងមានជម្លោះជាមួយប្រពន្ធ ខឹងពេកក៏ទាញពូថៅវាយទៅ ។ ដោយផ្អែកលើចម្លើយសារភាព និងការប្រព្រឹត្តល្មើសជាក់ស្តែង ជនសង្ស័យឈ្មោះ ស៊ិន ស៊ីសុផាត ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលស្រុកស្វាយចេក រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕