(ភ្នំពេញ)៖ ក្រុមជួបជុំផឹកស៊ី ដែលបង្កសំឡេងរំខាន ប្រើប្រាស់សម្តី និងកាយវិការមិនសមរម្យមកលើសមត្ថកិច្ច នៅក្នុងសង្កាត់ផ្សារដើមថ្កូវ កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២៣ និង១០នាទី យប់នោះ ចូលខ្លួនសុំទោសជាសាធារណៈនៅអធិការដ្ឋាននគរបាលខណ្ឌចំការមននាងព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នេះ។
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំខ្លួនក្រុមជួបជុំផឹកស៊ី ដែលបង្កសំឡេងរំខាន ប្រើប្រាស់សម្តី និងកាយវិការមិនសមរម្យមកលើសមត្ថកិច្ច នៅក្នុងសង្កាត់ផ្សារដើមថ្កូវ កាលពីយប់មិញនោះ ចូលខ្លួនសុំទោសជាសាធារណៈ។
បើតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកនេះថា ៖ «ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺ និងបកស្រាយជូនសាធារណជន ឱ្យបានជ្រាបទាក់ទង ទៅនឹងករណីសមត្ថកិច្ច ចុះណែនាំអប់រំ និងបញ្ឈប់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាង។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ដែលតាមដានឆ្លើយតប និងមានវិធានការណ៍ ចុះដល់ទីកន្លែង ដើម្បីដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ ភ្លាមៗ នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២៣ និង១០នាទីយប់ បន្ទាប់ពីទទួលបានទូរស័ព្ទ ប្តឹងពីប្រជាពលរដ្ឋថា មានករណីជួបជុំ ផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខាន នៅចំណុចផ្ទះគ្មានលេខនៅផ្លូវ៤៩០ កែងផ្លូវ១៣៥ ភូមិ០២ សង្កាត់ផ្សារដើមថ្កូវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ខណ្ឌចំការមន ចំនួន២នាក់ បានចុះដល់ទីតាំងភ្លាមៗ ដើម្បីធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខាននេះ។
ប៉ុន្តែក្រុមជួបជុំផឹកស៊ី មានគ្នាប្រហែលជា៣០នាក់ ក្នុងស្ថានភាពស្រវឹងខ្លាំង ដែលកំពុងផឹកស៊ី ចាក់ធុងបាស់ ឡូឡា បង្កសំឡេងរំខាន ដល់អ្នកជិតខាង មិនអាចសម្រាកបាន មិនត្រឹមតែមិនស្តាប់តាមការណែនាំ របស់សមត្ថកិច្ច ថែមទាំងប្រើប្រាស់សម្តី និងកាយ វិការ មិនសមរម្យមកលើសមត្ថកិច្ច ហើយថែមទាំង ចាប់ក្របួចកអាវ រកវាយសមត្ថកិច្ចទៀតផង»។
ក្រុមមនុស្សទាំងនេះ បានចូលមកសុំទោសនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន នៅចំពោះមុខអភិបាលខណ្ឌ លោក ថេង សុថល និងអធិការនគរបាលខណ្ឌលោក យិន សាន ។
សូមរំលឹកថា កាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខមួយកន្លែងតាមផ្លូវលេខ៤៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មនុស្សប្រមាណ 30 នាក់បានជួបជុំគ្នានៅក្នុងពិធីខួបកំណើតផឹកស៊ីចាក់ធុងបាស់ច្រៀងឡូឡាប៉ះពាល់ដល់ដំណេកអ្នកជិតខាង ក្រោយពីមានការប្ដឹងសុំអន្តរាគមន៍ពីប្រជាពលរដ្ឋនគរបាលពីររូប នេះផ្សារដើមស្កូវបានចុះទៅដល់ទីតាំងហើយបានហាមឃាត់ឱ្យបញ្ឈប់សកម្មភាពរំខានដល់ការរស់នៅរបស់អ្នកជិតខាង។ នៅក្នុងហេតុការណ៍នេះ ភាគីខាងម្ចាស់កម្មវិធីខួបកំណើតបានចោទប្រកាន់សមត្ថកិច្ចថា បានមកដល់ភ្លាមៗ និយាយគំហក និងប្រើអំពើហិង្សាមកលើពួកគាត់ ហើយបម្រុងដកកាំភ្លើងគំរាមពួកគាត់ទៀតផង។
មុនពេលកើតហេតុ ផ្ទះខាងលើបានធ្វើកម្មវិធីខួបកំណើត និងបានចាក់ធុងបាស់ច្រៀងរាំជាមួយសាច់ញាតិ បងប្អូនយ៉ាងសប្បាយ។ លុះមកដល់វេលាម៉ោងប្រហែល៩ជាង ការចាក់ធុងបាស់បានបិទហើយ ប៉ុន្តែការផឹកស៊ីនៅបន្តរហូតដល់ម៉ោងជិត១១យប់ ក៏ស្រាប់តែមានសមត្ថកិច្ច២នាក់ចុះមកណែនាំ ហាមឃាត់មិន ឱ្យបន្តការចាក់ធុងបាស់ក៏ស្រាប់តែមានជម្លោះជាមួយគ្នាទៅវិញទៅមក រហូតដល់មានការប្រទាញប្រទង់គ្នា ប៉ះទង្គិចគ្នាមួយប្រាវ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសម្នាក់ដែលស្ថិតក្នុងអាការស្រវឹងយកទៅ អធិការដ្ឋាននគរបាលខណ្ឌចំការមនភ្លាមៗ ដើម្បីធ្វើការសួរនាំបន្ថែម។
ហេតុការណ៍នោះមានតែការប្រទាញប្រទង់គ្នាប៉ុណ្ណោះ គឺគ្មានដកកាំភ្លើងមកគំរាមអីនោះទេ។ ពេលនោះសមត្ថកិច្ចដែលចុះទៅធ្វើអន្តរាគមន៍បានជ្រុះវិទ្យុទាក់ទងហើយក៏បានឱនរើសយកមកសៀតចង្កេះវិញ ទើបខាងម្ចាស់ផ្ទះនោះចោទថា ដកកាំភ្លើងខ្លីមកគំរាមគាត់៕