(ខេត្តកណ្ដាល)៖ កម្មករ-កម្មការនី ចំនួន១៣នាក់ បានរងរបួសធ្ងន់ស្រាល និងបុរសម្នាក់ជាតៃកុងឡានដឹកដីម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងឡានដឹកដី បើកមកបុកឡានដឹកកម្មករ ដែលគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ១៨៖២០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ផ្លូវជាតិលេខ១ ស្ថិតនៅភូមិ ពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាលមូលដ្ឋានបានឱ្យថា ហេតុការណ៍នេះ បង្កឡេីងដោយរថយន្តដឹកដីបើកលឿនជ្រុលទៅបុកចំឡានដឹកកម្មករ-កម្មការនីដែលបើកបញ្រ្ចាស់ទិសយ៉ាងពេញទំហឹងតែម្ដង ដែលបណ្ដាលឱ្យឡានក្រឡាប់ចាក់កម្មករ-កម្មការនីចោលពេញថ្នល់ រីឯតៃកុងឡានដឹកដីវិញ គៀបជាប់នឹងកាប៊ីនបណ្ដាលឱ្យស្លាប់ភ្លាមៗផងដែរ ។
ប្រភពបន្តថា ក្រោយកើតហេតុភ្លាមៗ នគរបាលបានហៅរថយន្តសង្រ្គោះមកជួយកម្មករ-កម្មការិនីទាំងអស់ទៅព្យាបាលភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ។ រីឯរថយន្តត្រូវបានយកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយតាមច្បាប់ ៕