(ខេត្តបាត់ដំបង)៖ រថយន្តឡង់គ្រីស័រ ១គ្រឿងកំពុងតែបើកបរលឿនស្រាប់តែផ្ទុះបែកកង់ហើយរេចង្កូតទៅបុកដើមឈើបណ្តាលពេញទំហឹងបណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ និងរបួសបុរស២នាក់។ ករណីនេះបានកើតឡើងនៅត្រង់ចំណុចភូមិតានន ឃុំមានជ័យស្រុកសំឡូត ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលគ្រោះថ្នាក់កើតឡើងអ្នកស្រុកបានឃើញរថយន្តមួយគ្រឿងបានបើកបរបោះពួយយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច ហើយក៏ផ្ទុះកង់ហើយបានរេចង្កួតទៅបុកដើមឈើនៅក្បែរនោះបណ្តាលឱ្យអ្នករួមដំណើរម្នាក់ស្លាប់នៅនឹងកន្លែងនិងរងរបួស២នាក់។
សមត្ថកិច្ចបានបន្តថាជនរងគ្រោះដែលស្លាប់មានឈ្មោះហួនធីភេទស្រីអាយុ៦១ឆ្នាំ។ ចំណែកជនរងគ្រោះរបួសចំនួន២នាក់ផ្សេងទៀតមានឈ្មោះចន ចាន់រ៉ា ភេទប្រុស អាយុ២២ឆ្នាំ របួសបាក់ជើងនិងម្នាក់ទៀតឈ្មោះ ចន សុហិន ភេទប្រុសអាយុ៣២ឆ្នាំ រងរបួសស្រាលជាអ្នកបើកបរ។
ទាំងបីនាក់រស់នៅក្នុងភូមិសំឡូតឃុំសំឡូតស្រុកសំឡូតខេត្តបាត់ដំបង។ រីឯរថយន្តដែលរងការខូចខាតម៉ាកឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខភព២H-៤២៣៩ ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យធ្វើកំណត់ហេតុហើយប្រគល់សាកសពជនរងគ្រោះឱ្យទៅក្រុមគ្រួសារ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ៕