(ខេត្តកំពង់ស្ពឺ)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ភ្លាមម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១ និង២ ត្រង់ចំណុចភូមិត្រពាំងអំពល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកសំរោងទងបានឱ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AX-8835 អ្នកបើកបរឈ្មោះ YUXIANGFU ភេទប្រុស អាយុ៤៨ឆ្នាំ (ជនជាតិចិន)ស្នាក់នៅផ្ទះលេខ១០១អឺO ផ្លូវបេតុង ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបរមកពីត្បូងទៅជើង បានបុកជាមួយម៉ូតូ មួយគ្រឿងម៉ាក XR ពណ៌ស-ក្រហម គ្មានផ្លាកលេខ ជិះគ្នា៣នាក់ប្រុសមិនស្គាល់អត្តសញ្ញាណទាំង៣នាក់ ខណៈកំពុងបើកបរបញ្ច្រាសទិសគ្នាបុកពេញទំហឹង បបណ្តាលឱ្យស្លាប់មនុស្សពីរនាក់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។
ប្រភពបានបន្តថាក្រោយកើតហេតុអ្នករងរបួសដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺសពយកទៅតម្កល់នៅសាលខាងក្រោយមន្ទីរពេទ្យ។ចំពោះអ្នកបើកបររថយន្ដត្រូវបាននាំខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕