(ខេត្តរតនគិរី)៖ ក្រុមមន្ត្រីយោធាអ្នកបើកបររថយន្ត TUNDRA ក្នុងស្ថានភាពស្រវឹង រេចេញពីផ្លូវក្រឡាប់បះជើងទ្រមេឃ បណ្ដាលឱ្យអ្នកបើកបរស្លាប់នៅនឹងកន្លែង និងអ្នករួមដំណើរបួននាក់ទៀតរងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅវេលាម៉ោង ១៥ និង១០ នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២០ត្រង់ចំណុចទឹកខួប ភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្ដដែលបានជួបឧបត្តិហេតុក្រឡាប់ដោយខ្លួនឯងនោះម៉ាកតូយ៉ូតា ធុនដ្រា TUNDRA ពណ៌ត្រេអុី ពាក់ស្លាកលេខខ.ភ.ម ០៤.២-១៩២២ បើកបររថយន្តឈ្មោះ សុខ វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាយោធា មានទីលំនៅភូមិរកាកណ្ដាល ឃុំរកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
អ្នករួមដំណើរចំនួន៤នាក់ទៀតរួមមាន៖ ទី១.ឈ្មោះ ឈឹម សុភាព ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរយោធា រងរបួសស្រាល។ ទី២.ឈ្មោះ អ៊ុន ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរយោធារបួសស្រាល។ ទី៣.ឈ្មោះ អុីង ប៊ុន្នី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរយោធារបួសស្រាល។ ទី៤. ឈ្មោះ នួន នាវិច ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ យោធារបួសស្រាល។ ជនរងគ្រោះខាងលើមានទីលំនៅជាមួយគ្នា ភូមិរកាកណ្ដាល ឃុំរកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។
ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក៏បានបញ្ជូនជនរងគ្រោះខាងលើទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ សាកសពបានប្រគល់ជូនក្រុមគ្រួសារ៕