(ខេត្តកំពង់ឆ្នាំង)៖ កាលពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែមិថុនាឆ្នាំ២០២០ ខេត្តកំពង់ឆ្នាំង និង នៅរាជធានីភ្នំពេញជនសង្ស័យចំនួន៧នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅក្នុងករណីបទល្មើសគ្រឿងញៀនមួយដែលបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងសហការជាមួយនឹងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស។
លោកវរសេនីយ៍ទោនិល ប៊ុនធឿន មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ឆ្នាំង ទទួលការងារគ្រឿងញៀនស្ថិតក្នុងប្រតិបត្តិការនេះបានប្រាប់ឱ្យដឹងថាយោងតាមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីសាក់ សារ៉ាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។ កាលពីថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២០កម្លាំងអាវុធហត្ថកំពង់ឆ្នាំងបានចុះទៅបង្ក្រាបករណីបទល្មើសគ្រឿងញៀនមួយកន្លែងនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ។
ដោយឃាត់បានជនសង្ស័យជាអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ ក្រោយពីស្រាវជ្រាវសមត្ថកិច្ចអាវុធហត្តកំពង់ឆ្នាំងបានសហការបន្តទៀតជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅភ្នំពេញ។ ដើម្បីរកមុខសញ្ញាជនសង្ស័យនៅរាជធានីភ្នំពេញដែលបានចែកចាយនិងជួញដូរមកកំពង់ឆ្នាំង និងបានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ផ្សេងទៀត នៅរាជធានីភ្នំពេញ ដែលជាអ្នកជួញដូរគ្រឿងញៀនដ៏សកម្ម ។
ក្រោយពីបង្ក្រាបខ្សែបណ្តាញករណីគ្រឿងញៀនសមត្ថកិច្ចអាវុធហត្ថបានរកឃើញវត្ថុតាងថ្នាំញៀនចំនួន៤១កញ្ចប់។ក្នុងនោះមាន១៦កញ្ចប់ធំ និង ២៥កញ្ចប់តូច ដែលមានទម្ងន់១២៦.៣៤ក្រាម ។ ម៉ូតូចំនួន៣គ្រឿងទូរស័ព្ទដៃចំនួន៦គ្រឿងជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង និងប្រដាប់ជក់ថ្នាំញៀនមួយចំនួន។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចកងរាជអាវុធហត្ថបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមនឹងវត្ថុតាងទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕