ភ្នំពេញ៖ បុរសម្នាក់បើករថយន្តណាវ៉ារ៉ា NISSAN NAVARA ពេលរាត្រីលឿនស្ទឹងហោះ រេចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលបាក់អស់ចំនួន២កង់ខ្ទាតមក រថយន្តកល់ទ្រូងជាប់ទៅមុខលែងរួច។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៧១ ខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈ ប្រមាណជា ៥០ម៉ែត្រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញមានបុរសម្នាក់ និងស្ត្រីអ្នករួមដំណើរម្នាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកNISSAN NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BH-0100 ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿនដូចកំរោល។លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តនេះរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលបាក់អស់ចំនួន២កង់ខ្ទាតមកកណ្ដាលផ្លូវ ឯរថយន្តកល់ជាប់នឹងក្បាលថ្មពុះចែកទ្រូងផ្លូវទៅមុខលែងរួច បណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ហើយសំណាងល្អមិនបង្កឱ្យមានរបួសដល់អ្នកជិះនិងអ្នកធ្វើដំណើរតាមដងផ្លូវ។ ភ្លាមៗនោះម្ចាស់រថយន្តបានចេញពីរថយន្តឡើងជិះម៉ូតូឥណ្ឌាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕