(ខេត្តក្រចេះ) ៖ ជនរងគ្រោះ ប្រុសស្រីចំនួន ៣នាក់ បានស្លាប់បាត់ជីវិតក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយជនរងគ្រោះ ជិះម៉ូតូបុករថយន្ដពីក្រោយពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី៤ ខែមិថុនា ឆ្នំ២០២0 នៅលើផ្ផូវជាតិលេខ៧ (ក្រចេះ ស្នួល) ចំណុចគីឡូម៉ែត្រលេខ ២៧៤ -២៧៥ ស្ថិតនៅភូមិឃ្សឹម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូ ម៉ាកអ៊ិចសិនសេនធរ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស បានបើកម៉ូតូបុករថយន្ដពីក្រោយ បណ្ដាលឱ្យស្លាប់នៅកន្លងកើតហេតុ និងអ្នករួមដំណើរចំនួន២ទៀតភេទស្រីបានស្លាប់នៅកន្លែងកើតហេតុដូចគ្នា។
សមត្ថកិច្ចបញ្ជាក់ទៀតថា ជនរងគ្រោះធ្វើដំណើរពីទិសខាងជើងឆ្ពោះទៅទិសត្បូង ដោយបើកបរល្បឿនលឿន។ លុះដល់ចំណុចកើតហេតុខាងលើ ក៍បានជ្រុះទៅបុករថយន្ដពីក្រោយដែលកំពុងឈប់ស្ងៀម។ ហើយរថយន្ដនោះមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានបើករថយន្ដទៅបាត់ភ្លាមៗ។
ចំណែកសពជនរងគ្រោះត្រូវបានរថយន្ដពេទ្យបង្អែកស្រុកដឹកយកមកមន្ទីរពេទ្យបង្អែកស្រុកស្នួល។ រីឯម៉ូតូខូចខាតធ្ងន់យកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល៕
