ខេត្តតាកែវ ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានចាប់ខ្លួននាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជិត២គីឡូក្រាម រួមនិងកញ្ឆាក្រៀមចំនួន០២បេ ។ការចាប់ខ្លួនមេប៉េអឹមប្រឆាំងគ្រឿងញៀនរូបនេះ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុច មូលដ្ឋានស្រុកអង្គរបូរី និងស្រុកត្រាំកក់ ក្នុងខេត្តតាកែវ ។
ប្រតិបត្តិការនេះ ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះទៅឆែកឆេរ ក្នុងលំនៅដ្ឋាន ចំនួន២ទីតាំង និងបានចាប់ឃាត់ខ្លួន ជនសង្ស័យបានចំនួន០២នាក់ រួមនឹងគ្រឿងញៀនជិត២គីឡូក្រាម និងកញ្ឆាក្រៀមចំនួន០២បេ ។
បើតាមរបាយការណ៍របស់មន្ត្រីនគរបាលខេត្តតាកែវ បានឲ្យដឹងថា ជនសង្ស័យត្រូវចាប់ខ្លួនរួមមាន ទី១ ឈ្មោះ ឈុន សុមេធា ភេទប្រុស មុខរបរជាមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ (ដែលមានឋានន្តរស័ក្តិ វរសេនីយ៍ត្រី ឋានៈជានាយការិយាល័យបទល្មើសគ្រឿងញៀន) រស់នៅក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។ និងទី២ ឈ្មោះ កេន ចាន់រី ភេទស្រី មុខរបរ មិនពិតប្រាកដ រស់នៅក្នុង ភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ៖ អាវុធខ្លីជ័រ ចំនួន០២ដើម(ប្រើហ្គាស់) និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង គ្រឿងញៀនជិត០២គីឡូ និងរុក្ខជាតិញៀន(កញ្ឆា)ក្រៀម ចំនួន០២បេ ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង ស្លាកលេខម៉ូតូចំនួន០៣ផ្លាក និងកាតគ្រីម៉ូតូចំនួន០២សន្លឹក ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នាំខ្លួនយកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
ទោះជាយ៉ាងអាជ្ញាធរប្រឆាំងគ្រឿងញៀនកម្ពុជា មិនទាន់ផ្តល់ព័ត៌មានលម្អិតពីករណីបង្ក្រាបគ្រឿងញៀនឆ្លងដែន ដែលពាក់ព័ន្ធនឹងមេប៉េអឹមប្រឆាំងគ្រឿងញៀនខេត្តតាកែវរូបនេះ នៅឡើយទេ ប៉ុន្តែប្រភពមួយបានបង្ហើបឱ្យដឹងថា ការឈាន់ដល់ចាប់ខ្លួនមេប៉េអឹមប្រឆាំងគ្រឿងញៀនរូបនេះ បន្ទាប់ពីនគរបាលប្រទេសវៀតណាម ចាប់បានគ្រឿងញៀន ប្រភេទកូកាអ៊ីន តម្លៃរាប់លានដុល្លារអាម៉េរិក ដែលមានប្រភពនាំចូលពីប្រទេសកម្ពុជា ៕