(ភ្នំពេញ)៖ រថយន្តក្រុង ដឹកអ្នកដំណើរ ក្រុមហ៊ុន កៃឡា បានបើកបានបើកបុកម៉ូតូសណ្តោងរឺម៉ក (តុតុ) ពីក្រោយហើយជ្រុលទៅបុកម៉ូតូ២គ្រឿងទៀត បណ្តាលឱ្យនារីម្នាក់រងរបួសធ្ងន់ធ្ងរ។ កើតហេតុកាលវេលាម៉ោង ៣ និង៣៥នាទី រសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិ៦ មុខផ្សារព្រែកលៀប ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
បន្ទាប់ពីបង្កភ្លាមរថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បានបើកបរបន្តទៅមុខប្រមាណជាង១០០ម៉ែត្រទើបមានប្រជាពលរដ្ឋជួយឃាត់ជាប់ទាំងអ្នកបើកបរ និងរថយន្ត ។ នារីរងគ្រោះជាអ្នកជិះម៉ូតូ Zoomer-x មានឈ្មោះ តាំង ពេជ្រធីតា អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ក្រោយកើតហេតុ នារីរងគ្រោះត្រូវបាន រថយន្តសាមុយ មន្ទីរពេទ្យកាល់ម៉ែត មកដឹកទៅសង្គ្រោះ ។ ចំណែករថយន្តបង្ក ម៉ូតូតុកៗ និងម៉ូតូ២គ្រឿងទៀត ត្រូវបានជំនាញចរាចរណ៍ខណ្ឌសហការជាមួយចរាចរណ៍ស្នងការនគរបាលរាជធានីភ្នំពេញវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕