(ភ្នំពេញ)៖ បុរស២នាក់បាន ស្លាប់យ៉ាងរន្ធត់ ខណៈជិះម៉ូតូវ៉ាខាងឆ្វេងដៃ មិនផុតស្រាប់តែដួលខ្ទាតចូលក្រោមកង់រថយន្តយីឌុប កិន ស្លាប់ ហើយរថយន្តបើករត់បានជាង៥០០ម៉ែត្រ ទើបមាន ប្រជាពលរដ្ឋឃាត់បានតែអ្នកបើកបររត់គេចចាត់ស្រមោល បន្សល់ទុកតែរថយន្ត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៨ និង៣០នាទី ល្ងាចថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០ លើផ្លូវបេតុង ១០៥K ស្ថិតក្នុង សង្កាត់ក្រាំងធ្នង់ ខណ្ឌ សែនសុខ ។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយជិះម៉ូតូម៉ាកគុប ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្តាល1A.1129 ។ ចំណែកឯរថយន្តធន់ធំ ក្បាលពណ៌ទឹកប្រាក់ មិនមានស្លាកលេខ ជាប្រភេទរថយន្តទ្រុងដឹកទំនិញ ជាប្រភេទរថយន្តយីឌុប ៥ភ្លៅ។
តាមសម្តីបុរសម្នាក់ ដែលឃើញហេតុការបាន ប្រាប់ឱ្យដឹងថាដំបូងឡើយគេឃើញរថយន្តយីឌុប បានបើកតាមបណ្ដោយផ្លូវបេតុង ១០៥K(ផ្លូវវត្តតាំងកសាង)ទឹសដៅពីជើងមកត្បូង ខណៈ មកដល់ចំណុចកើតហេតុក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកគុបជិះគ្នា 2នាក់មកពីក្រោយស្របទឹសគ្នាបានវ៉ាខាងឆ្វេងដៃយ៉ាងលឿនស្រាប់តែរេចង្កូតមកស្ដាប់ដៃវិញប៉ះនឹងរថយន្ត យីឌុប បណ្ដាលឱ្យដួលបោក ចូលក្រោមកង់រថយន្តកិនស្លាប់ទាំង 2 នាក់យ៉ាងអណោចអាធ័ម ភ្លាមៗគេឃើញរថយន្តបានបើករត់ទៅទិសខាងត្បូងបតទៅទិសខាងលិចប្រហែល 500 ម៉ែត្រត្រូវបានប្រជាពលរដ្ឋឃាត់បានតែរថយន្ត ចំណែកឯអ្នកបើកបរបានរត់ចេញពី រថយន្តបាត់ស្រមោល។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយក រថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចឲ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕