(ខេត្តកំពង់ស្ពឺ)៖ រថយន្តមួយគ្រឿងម៉ាក FUSO ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-2889 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-7090 បើកបរលឿនបានរេចង្កូតក្រឡាប់ដោយខ្លួនឯង។ ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លើផ្លូវលេខ១៣០ ត្រង់ចំណុចភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឱ្យដឹងថាមុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាក FUSO ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-2889 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-7090 បើកបរដោយឈ្មោះ ហឿន រតនៈ ភេទប្រុស អាយុ២៨ រស់នៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
មុនកើតហេតុ តាមការឱ្យដឹងពីអ្នកបើកបររថយន្ដប្រាប់ថា មានរថយន្តមួយគ្រឿងទៀតប្រភេទបែន ក្បាលព៌ណស (មិនចាំស្លាកលេខ..) បានបើកវ៉ាជែងក្នុងទិសដៅស្របគ្នា ពីទិសខាងលិច ទៅទិសខាងកើត លុះមកដល់ទឹមគ្នារថយន្ដនោះបានរេចង្កូតមកគៀករថយន្ដខ្លួន ដោយសារតែស្ថានភាពគ្រោះថ្នាក់ខ្លួនបានយកចង្កួតអែមខាងស្ដាំដៃ ប៉ុន្ដែស្ថានភាពមិនអំណោយផល ក៏កាច់ក្រឡាប់តែម្ដងទៅ។
ក្នុងហេតុការណ៍ខាងលើ មិនបណ្តាលអោយមានការរងរបួសធ្ងន់ធ្ងរនោះទេនិងមិនមានការប៉ះទង្គិចរវាងអ្នកធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខាងលើដែរ។ តាមការបញ្ជាក់ពីរសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក-ខេត្ត ដែលចុះអន្ដរាគមន៍ភ្លាមៗក្រោយកើតហេតុថា៖ កត្ដាដែលនាំអោយគ្រោះថ្នាក់បណ្ដាលអោយក្រឡាប់រថយន្តដឹកថ្ម គឺមកពីរការបាត់ម្ចាស់ការក្នុងការបញ្ជាគ្រប់គ្រងដៃចង្កួតរថយន្ដ ព្រោះតែមានមហន្ដរាយបង្កឡេីងដោយរថយន្ដមួយទៀត ដែលបើកបរក្នុងស្ថានភាពវ៉ាជែងផ្លូវតូចចង្អៀតមិនអំណោយផលក្នុងការអនុញ្ញាតឲ្យរថយន្តអាចវ៉ាបាន។
បច្ចុប្បន្នតំណាងក្រុមហ៊ុនរថយន្តដឹកថ្មបានមកស្ទួចយករថយន្ដចេញពីកន្លែងកើតហេតុនិងបានបញ្ជូនសំណុំរឿងមកការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីពិនិត្យនិងចាត់ការតាមនីតិវិធី ៕