(ភ្នំពេញ)៖ នៅយប់ថ្ងែទី២៥ ខែឧសភា ឆ្នាំ២០២០គេប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ ក្នុងបន្ទប់ជួលមួយកន្លែង ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ អ៊ុច យ៉េន ភេទស្រីអាយុ៤៦ឆ្នាំ មុខរបរលក់ចាប់ហួយ មានស្រុកកំណើត ភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ប្រភពពីឈ្មោះ អ៊ុច សារ៉ន ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ដែលត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេល កើតហេតុកាលពីវេលាម៉ោង១២ថ្ងៃត្រង់ រូបគាត់បានចេញពីបន្ទប់ទៅធ្វើការដូចរាល់ដង ដោយជនរងគ្រោះនៅក្នុងបន្ទប់ជួលតែម្នាក់ឯង លុះដល់ម៉ោង១៨ និង០០នាទី រូបគាត់បានចេញពីធ្វើការ ពេលមកដល់បន្ទប់វិញ ក៏ឃើញបន្ទប់ចាក់សោរពីខាងក្រៅ នៅពេលនោះគាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ ដោយគិតស្មានថា ជនរងគ្រោះបានចេញទៅទិញឥវ៉ាន់ តែពេលគាត់មើលឃើញធុងទឹកកកនៅមុខបន្ទប់អត់ចាក់សោររូបគាត់ ក៏មានការសង្ស័យ គាត់ក៏បានហៅប្អូនជីដូន១ របស់គាត់ មកវាយបំបែកសោរបន្ទប់ ក៏ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ទើបរាយការណ៍មកសមត្ថកិច្ចតែម្តង ៕