(ភ្នំពេញ) ៖ បើយោងតាមរបាយការណ៍ដែលមន្ទីរប្រឆាំងគ្រឿងញៀន ទទួលបានក្រោយពីកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ៤ខែ ដើមឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការអនុវត្តបន្ត កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា មន្ទីរប្រឆាំងគ្រឿងញៀនរបស់អគ្គស្នងការនគរបាលជាតិ បង្រាបក្រុមឧក្រិដ្ឋជន និងជនពាក់ពន្ធគ្រឿងញៀនទូទាំង ក្នុងរយៈពេល៤ខែ ដើមឆ្នាំ ២០២០ នេះ បានធ្វើការឃាត់ខ្លួនមនុស្សជាង ៧ ០០០ នាក់ ក្នុងនោះមានជនបរទេសជាង ១០០ នាក់ ។
កិច្ចប្រជុំខាងលើនេះធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ក ជីតូ អគ្គស្នងការរងនគរបាលជាតិ ដែលលោកនាយឧត្តមសេនីយ៍ ដោយលោកបានគូសបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ បានចំនួន៣ ៥៧២ ករណី ឃាត់មនុស្សចំនួន ៧ ០៤១ នាក់ ស្ត្រីចំនួន ៤ ៣៥ នាក់ ក្នុងនោះ អ្នកជួញដូរ ២ ១៤៣ ករណី ឃាត់ខ្លួនចំនួន ៣ ៩៣៣នាក់ ។
របាយការណ៍បានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនោះដែរ ក៏បានឃាត់ ខ្លួនជនបរទេសចំនួន ១១៤ នាក់ ពាក់ពន្ធនឹងការជួញដូរគ្រឿងញៀន ក្នុងនោះ មានជនជាតិវៀតណាមចំនួន៧៥នាក់ ចិន២១នាក់ ថៃ៥នាក់ ឡាវ៣នាក់ ហ្វីលីពីន ២នាក់ សិង្ហបុរី ២នាក់ អង់គ្លេស២នាក់ ជប៉ុន១នាក់ ឥណ្ឌូនេស៊ី១នាក់ ហុងកុង១នាក់ និងភូមា១នាក់ ។ ដោយឡែកគ្រឿង ញៀនដែលចាប់បានក្នុងរយៈពេល៤ខែនោះ គឺមានចំនួនជាង១៩២គីឡូក្រាម កញ្ឆាស្រស់ ចំនួន១៨០,៤៩០ ដើម និងកញ្ឆាស្ងួតចំនួន ២២៥គីឡូក្រាម ។
បើតាមការបញ្ជាក់ពីមន្ទីរប្រឆាំងគ្រឿងញៀន បានលើកឡើងទៀតថា ករណីធំៗ ចាប់ពីមួយរយក្រាមឡើងទៅ ក្នុងរយៈពេល៤ខែនេះ សមត្ថកិច្ចជំនាញបង្ក្រាបបានចំនួន ៥៩ ករណីឃាត់ខ្លួន ១២៧ នាក់ ស្រី១៤ នាក់ ក្នុងនោះមានមេក្លោង ២៧ នាក់ និងបណ្តាញចំនួន ១០០ នាក់ រឹបអូសគ្រឿងញៀនបានជាង ១៦៩ គីឡូក្រាម និងបញ្ជូនទៅតុលាការជាង២០នាក់ ។
នៅក្នុងកិច្ចប្រជុំនោះដែរនាយឧត្តមសេនីយ៍ ម៉ក ជីតូ ក៏បានជំរុញ ដល់នគរបាលជាតិ នៃមន្ទីរប្រឆាំងគ្រឿងញៀនទាំងអស់បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ចំពោះបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ មានជំហរក្នុងកិច្ចការបង្ក្រាបគ្រឿងញៀន ប្រកបដោយវិជ្ជាជីវៈជាមន្ត្រីនគរបាល និងមិនត្រូវលើកលែងដាច់ខាត ចំពោះជនពាក់ព័ន្ធគ្រឿងញៀននោះឡើយ ខណៈគ្រឿងញៀននេះបាននឹងកំពុងធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងសង្គម និងប្រទេសជាតិទាំងមូលនេះ ៕