(ភ្នំពេញ)៖ រថយន្តសាមយ៉ុង មួយគ្រឿង ប្រភេទឃ្លុបដឹកនំ រេទទឹងខ្លួនឡើងលើខឿនថ្មពុះចែកទ្រូងផ្លូវ ទៅប៉ះនឹងបង្គោលភ្លើងបំភ្លឺផ្លូវកៀបជាប់ទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងខណៈមេឃកំពុងភ្លៀង កាលពីវេលា ម៉ោង៦និង៣០នាទីល្ងាច ថ្ងៃពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២០ ត្រង់ចំណុចខាងកើតពីស្តុបបាគូរ ប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើករថយន្តបង្កមានឈ្មោះ មោះ ប៊ិង ចៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅម្តុំសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មានស្រុកកំណើតនៅភូមិថ្នល់ទទឹង ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បើករថយន្តម៉ាកសាមយ៉ុង ពណ៌ខៀវក្រមៅ ពាក់ផ្លាកលេខ ភ្នំពេញ2AS-0318 ជិះគ្នា៣នាក់។
តាមការរៀបរាប់ពីអ្នកបើកបររថយន្តបានឱ្យដឹងថា ដំបូងឡើយរូបគាត់បានបើករថយន្តសាមយ៉ុង តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម ខណៈពេលដែលមេឃកំពុងតែភ្លៀងស្រាប់តែរអិលមកឆ្វេងដៃ ឡើងលើខឿនពុះចែកទ្រូងផ្លូវវិលក្រឡាប់មួយចំហៀងទៅប៉ះនឹងបង្គោលភ្លើងបំភ្លឺផ្លូវកៀបជាប់រថយន្ត ទៅមុខលែងរួច។តែសំណាងល្អបង្គោលភ្លើងមិនមានការខូចខាតនោះទេ។ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំតែសំណាងល្អ មិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយពីកើតហេតុ សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ បានពិនិត្យមើលមិនមានការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋ ឬអ្នកដទៃ ក៏ឱ្យហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕