(ភ្នំពេញ)៖ បុរសម្នាក់បាក់ជើងរងរបួសធ្ងន់្ងន់ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវ ក៏ត្រូវរថយន្តធុនធំបុកហើយកិន ម៉ូតូអូសជាច្រើនម៉ែត្របែកផ្កាភ្លើង បណ្ដាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៧ ខែឧសភាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវវេងស្រេង កែងផ្លូវផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ឆេង ឆាន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរប្រធានភូមិដំណាក់ធំ២ រស់នៅក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ជិះម៉ូតូធុនធំ មិនចាំម៉ាក និងផ្លាកលេខត្រូវភ្លើងឆេះខ្ទេច។ ចំណែកឯរថយន្ត យីឌុប ហៅ៥ភ្លៅ ក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 4A- 5563 ដឹកទំនិញពេញ ឆេះកាប៊ីនខ្ទេច។
ពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់ជិះម៉ូតូធំមួយគ្រឿង បានធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបត់ឆ្វេងបំណងទៅផ្លូវផ្សារដីថ្មី ក៏ស្រាប់តែមានរថយន្តយីឌុបធុនធំមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម ជ្រុលទៅបុកម៉ូតូខាងលើចំពីចំហៀងពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសបាក់ជើងធ្ងន់ រថយន្តបានកិនម៉ូតូអូសប្រហែល១០ម៉ែត្រ ធ្វើឲ្យបែកផ្កាភ្លើងឆាបឆេះរថយន្ត និងម៉ូតូយ៉ាងសន្ធោសន្ធៅតែម្ដង។
ប្រភពដដែលបានប្រាប់ទៀតថា ភ្លាមៗនោះតៃកុងរថយន្ត និងព្រូ បានចុះមកជួយលើកជនរងគ្រោះដាក់លើចិញ្ចើមផ្លូវ រួចគេចខ្លួនបាត់។ គ្រានោះដែរ អ្នកជិតខាងបានយកបំពង់ពន្លត់អគ្គិភ័យជាច្រើនមកបាញ់ តែមិនរលត់ ទើបមានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ និងមានការសហការជាមួយរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានី បាញ់ទឹកពន្លត់អស់ចំនួន៣ឡាន ទើបរលត់ទៅវិញជាស្ថាពរ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕