(ភ្នំពេញ) ៖ ក្នុងពេលដែលសមត្ថកិច្ចចម្រុះ ដាក់គោលដៅផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តាល រាជធានី ខេត្តព្រមៗគ្នា ពិសេស តម្រូវឱ្យអ្នកបើកបរម៉ូតូធំៗ ចាប់ពីកម្លាំង១២៥ccឡើងទៅ និងម៉ូតូកង់បីក៏ត្រូវតែមានប័ណ្ណបើកបរប្រភេទ ក ដែរនោះ គេបានឃើញប្រជាពលរដ្ឋយ៉ាងច្រើនលើសលុបបានសម្រុកនាំគ្នាទៅដាក់ពាក្យប្រលងនិងប្រលងយកប័ណ្ណបើកបរ ដោយក្នុងរយៈពេល២ថ្ងៃនេះ ពោល គឺចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារ កន្លងមកនេះ ប្រជាពលរដ្ឋ ដែលជាអ្នករត់ម៉ូតូកង់បីឬតុតុ និងម៉ូតូធំបាននាំគ្នាសម្រុកទៅដាក់ពាក្យ និងប្រឡងយកប័ណ្ណបើកបរ នៅអង្គភាពផ្តល់បណ្ណ័បើកបរប្រមាណជាង២៥០០នាក់។
លោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យអ្នកព័ត៌មានយើងដឹងថា៖ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃចន្ទ និងថ្ងៃអង្គារកន្លងមកនេះ ប្រជាពលរដ្ឋ ដែលជាអ្នករត់ម៉ូតូកង់បីឬតុតុ និងម៉ូតូធំបាននាំគ្នាសម្រុកទៅដាក់ពាក្យ និងប្រឡងយកប័ណ្ណបើកបរ នៅអង្គភាពផ្តល់បណ្ណ័បើកបរប្រមាណជាង២៥០០នាក់ ប៉ុន្តែការរៀបចំប្រឡងបន្ទប់អាចទទួលបានតែពី១៦០ទៅ១៨០នាក់ប៉ុណ្ណោះ ។
លោកបន្តថា ជាក់ស្ដែង រយៈពេល២ថ្ងៃក្រុមអ្នកម៉ូតូកង់បី និងម៉ូតូធំ បានប្រឡង យក បណ្ណ័បេីកបរចំនួន២៨០នាក់ ប្រឡងជាប់១២៤នាក់ និងប្រឡងធ្លាក់ចំនួន ១៥៨នាក់ ។
លោកឡូវ នីកូវឌ្ឍនា បានឱ្យដឹងទៀតថា ទោះបីចំនួនអ្នកដាក់ពាក្យប្រឡង មានចំនួនច្រើន និងការប្រឡងជាក់ស្តែងមានកំណត់ក្តី ប៉ុន្តែក្រុមការងារនៅតែបន្តទទួលពាក្យ ដើម្បីរៀបចំការប្រឡងទៅតាមលេខរៀងជាបន្តបន្ទាប់រហូតដល់អស់ ។
លោកបន្តថា សម្រាប់លក្ខខណ្ឌ ក្នុងការប្រឡង បេក្ខជនត្រូវមាន អត្តសញ្ញាណបណ្ណ័ជនជាតិខ្មែរ លិខិតបញ្ជាក់កាយសម្បទាឬសុខភាពមួយសន្លឹក រូបថត សខ្មៅ៤x៦ ចំនួន៤សន្លឹក និងត្រូវបង់តម្លៃចំនួន៤១០០០រៀលគឺបង់តាមរយ:ប្រពន្ធ័វីង ។
លោក ឡូវ នីកូវឌ្ឍនា បានបញ្ជាក់ថា៖ ចំពោះការប្រឡងយកបណ្ណ័បើកបរ គឺធ្វើនៅអង្គភាព ផ្តល់បណ្ណ័បើកបរនៃមន្ទីរ សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ប៉ុន្តសម្រាប់ការពន្យា បណ្ណដែលអស់សុពលភាព គឺមានធ្វើនៅផ្សារទំនើបAEON MALLទី១ និងនៅផ្សារទំនើបAEON MALLទី២ តែការប្រឡង គឺមានតែនៅនៅអង្គភាព ផ្តល់បណ្ណ័បើកបរនោះទេ ។
លោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់សូមទៅធ្វើជាមួយមន្ត្រីនៅទីនោះផ្ទាល់ដែលមានតារាងតម្លៃត្រឹមត្រូវ និងច្បាស់លាស់ ចៀសវាងមានអ្នករត់ការដែលតម្លើងតម្លៃ កេងចំណេញ ដែលបង្ករឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់៕