បើករថយន្តដឹកទំនិញខ្វះការប្រុងប្រយ័ត្នទៅបុកគូថរថយន្តខូចចតនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យភាគីរថយន្តបង្កស្លាប់ម្នាក់របួសធ្ងន់ ២នាក់
ដោយ Heng  ថ្ងៃទី 30 April, 2020  ម៉ោង 09:19 | សន្តិសុខ​សង្គម

(ខេត្តកណ្ដាល)៖ រថយន្តដឹកទំនិញបើកបរលឿនបានបុករះបង្គោលភ្លើង ស្លាកប៉ាណូ និងរថយន្ត២គ្រឿងចតនៅលើចិញ្ចើមថ្នល់ បង្កឱ្យស្ត្រីម្នាក់ស្លាប់ និងបុរស ២នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោងជាង៥ ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ​ នៅចំណុចផ្លូវលេខ២១ ភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តធុនធំ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3B-8676 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន) ហើយបានឈប់នៅលើផ្លូវថ្នល់កៅស៊ូ(រថយន្តខូចមិនដំណើរការ) ផ្នែកខាងលិចផ្លូវ បែរក្បាលទៅទិសខាងត្បូង ដោយដាក់ផ្លាកសញ្ញាផ្ដល់ដំណឹងមិនបានត្រឹមត្រូវតាមបទបញ្ញតិច្បាប់ ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ។

លុះដល់យប់ម៉ោងប្រហែល​ ៥ និង00នាទី ក៏មានឈ្មោះ ប៊ិន លើង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល រួមដំណើរជាមួយឈ្មោះ វី ធឿង ភេទប្រុស អាយុ២៩ឆ្នាំ ព្រូរថយន្ត និងឈ្មោះកាន់ ញ៉ុង ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ ដឹកត្រី (ស្លាប់) បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-9673 ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន បណ្ដាលឱ្យបុករថយន្តពាក់ផ្លាកលេខភ្នំពេញ 3B-8676 ចំពីក្រោយពេញមួយទំហឹង បណ្ដាលឱ្យកៀបស្លាប់០១នាក់ និងរបួសធ្ងន់០២នាក់ ខូចផ្លាកស្រាបៀ០២ផ្ទាំង និងបង្គោលភ្លើងដែកដាក់តាមភូមិ០១ដើម ។

ក្រោយពេលកើតហេតុសមត្ថកិច្ចយើងបានចុះពិនិត្យនិងវាស់វែងទីកន្លែងកើតហេតុ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យវៀតណាមនិង ដកហូតវត្ថុតាងយកមករក្សាទុកនៅអធិកាដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។ រីឯសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

សន្និដ្ឋានជំហានដំបូងសមត្ថកិច្ចថា ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តពាក់ផ្លាកលេខភ្នំពេញ 3E-9673បើកបរក្នុងល្បឿនលឿន ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្នទើបបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។ ចំណែកអ្នកបើកបររថយន្តពាក់ផ្លាកលេខភ្នំពេញ 3B-8676 ឈប់ពេលយប់ដោយមិនបានដាក់ផ្លាកសញ្ញា ឬភ្លើងសញ្ញាផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ឱ្យបានដឹង៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...