(ភ្នំពេញ)៖ គិតត្រឹមម៉ោង៧ និង០០ នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញ ប្រកាសថា ថ្ងៃនេះពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ ហើយអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៧នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូត ដល់ ១១៧នាក់ ហើយ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់។
អ្នកជាសះស្បើយចំនួន០៧នាក់រួមមាន៖
– បុរសជនជាតិម៉ាឡេស៊ី អាយុ៦៦ឆ្នាំ មកពីប្រទេសម៉ាឡេស៊ី ដើរធ្វើការងារសាសនានៅខេត្តកែប ដែលបាន បញ្ជូនពីមន្ទីរពេទ្យខេត្តកែប មកព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
– បុរសជនជាតិខ្មែរ អាយុ៣៧ឆ្នាំ នៅក្រុងសៀមរាប ជាអ្នកបើករថយន្តឱ្យក្រុមអ្នកទេសចរបារាំង បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តសៀមរាប។
– ស្ត្រីជនជាតិខ្មែរ អាយុ២០ឆ្នាំ នៅរាជធានីភ្នំពេញ ជានិស្សិតខ្មែរដែលបានវិលត្រឡប់ មកពីសិក្សានៅប្រទេសអង់គ្លេស បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសក្ខវីដ-១៩ ចំនួន០២ដងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
– ស្ត្រីជនជាតិវៀតណាម អាយុ២៧ឆ្នាំ នៅ Apartment Diamond1 កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និង ត្រូវបានអនុញ្ញាតឱ្យចេញ ពីមណ្ឌលសុខភាពចាក់អង្រែក្រោម។
– ស្ត្រីជនជាតិវៀតណាម អាយុ២៤ឆ្នាំ ជាអ្នកទេសចរស្នាក់នៅបន្ទប់ជួលនៅផ្លូវលេខ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូដ-១៩ ចំនួន០២ដង ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
– ស្ត្រីជនជាតិចិន អាយុ៣០ឆ្នាំ ស្នាក់នៅ Olympia អគារ C1 ជាអ្នកទេសចរ និងចង់បើកហាងនៅកម្ពុជា ជាករណីប៉ះពាល់ផ្ទាល់ជាមួយដៃគូ (បុរសជនជាតិចិនមានវីរុសកូវីដ-១៩ រកឃើញនៅប្រទេសចិន) បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យ ចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
– ស្ត្រីជនជាតិចិន អាយុ៣១ឆ្នាំ ស្នាក់នៅផ្លូវ៣៥២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត៕