(ខេត្តបន្ទាយមានជ័យ) ៖ បុរសម្នាក់បង្រៀនប្រពន្ធឱ្យបើកឡាននៅលើខ្នងអាងទឹកត្រពាំងថ្ម ខ្វះការប្រុងប្រយ័ត្នរហូតដល់គ្រប់គ្រងរថយន្តលែងបានរេទៅអ្នកលក់ឈូកពេញទំហឹង ហើយរថយន្តបន្តធ្លាក់ចូលក្នុងអាងទឹកបណ្ដាលឱ្យ អ្នកលក់ឈូក និងបុរសពីរនាក់ប្ដីប្រពន្ធរងរបួសធ្ងន់ និងស្រាល។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១ និង១០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ស្ថិតលើខ្នងអាងចំណុចស្ពានទី១ រមណីយ៍ដ្ឋានអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ប្រភពពីកន្លែងកើតហេតុបាននិយាយថា រថយន្តដែលបង្កគ្រោះថ្នាក់នោះម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A -9331 បើកពីកើតទៅលិចមកដល់ចំណុចកើតហេតុ រថយន្តបានរ៉េចង្កូតទៅបុកអ្នកលក់ឈូកលើខ្នងអាងទឹក ពេញទំហឹងបណ្តាលធ្លាក់ទាំងមនុស្ស រថយន្ត ចូលទៅក្នុងទឹកអាង។
សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះក្នុងហេតុការណ៍នោះមាន ៖ ទី១.ឈ្មោះ ព្រីញ ដា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិ មាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ( របួសធ្ងន់ បែកក្រោមត្របកភ្នែកខាងឆ្វេង), ២.ឈ្មោះ លាង ភាឡៃ ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវជាប្តី រស់នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់ រលាត់ជញ្ជើមឆ្វេង)ជាម្ចាស់រថយន្ត និងទី៣- ឈ្មោះ សូ ស៊ីណា ហៅ វិត ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងថ្មជើង ឃុំ ប៉ោយចារ ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ ជាអ្នកឈូក គៀនត្រជៀកស្ពានទី ១ ផ្នែកខាងលិច (របួសធ្ងន់ ) ។
ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅ មន្ទីពេទ្យបង្អែកស្រុកភ្នំស្រុក ដោយស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរី ៕