ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ កងកម្លាំងនគរបាល នគរបាលខណ្ឌនានា ក្នុងរាជធានីភ្នំពេញ បានចុះអប់រំណែនាំ ពលរដ្ឋដែលបានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយ ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសំឡេងរំខានដែលអ្នកជិតខាងមិនអាចសម្រាកបាន ។ នគរបាលបានបញ្ជាក់ថា ការចុះណែនាំបញ្ឈប់ការផឹកស៊ីនោះ ដោយសារមានសំណូមពររបស់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងផឹកស៊ីនោះ ដែលចាក់ធុងបាស់ ច្រៀងឡូឡា ។
បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានផ្សព្វផ្សាយព័ត៌មាន លើផេកហ្វេសប៊ុកផ្លូវការ បានឲ្យដឹងថា ទោះបីម៉ោងជិត ១១យប់ ក្តី ដោយយល់ពីសុខទុក្ខ និង តម្រូវការរបស់ប្រជាពលរដ្ឋ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែតាមដានខំមិន និងប្រអប់សារ និងសហការជាមួយខណ្ឌ ប៉ុស្តិ៍ ដើម្បីដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋភ្លាមៗ តបតាមការសំណូមពរ ជាពិសេសការផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បបង្កសំឡេងរំខានដែលអ្នកជិតខាងមិនអាចសម្រាកបាន ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅអធិការខណ្ឌមានជ័យ និងខណ្ឌទួលគោកភ្លាមៗ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋ ចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ លោកអធិការខណ្ឌមានជ័យ និងអធិការខណ្ឌទួលគោក បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍ ចុះដល់គោលដៅជាច្រើនភ្លាមៗ ដែលមានការផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសំឡេងរំខាន ដល់អ្នកជិតខាង ដែលមិនអាចសម្រាកបាន ជាពិសេសគឺការជួបជុំផឹកស៊ី ដែលមិនស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល ដែលអាចជាពេលចម្លងនៃជំងឺ covid-19។
នគរបាល បានស្នើឱ្យប្រជាពលរដ្ឋ សូមចូលរួមស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕