(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់៩១នាក់ហើយ ខណៈនេះដែរមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន៤នាក់ គិតត្រឹមយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ។
អ្នកឆ្លងថ្មីចំនួន៤នាក់ រួមមាន៖ បុរសជនជាតិអង់គ្លេស អាយុ៦១ឆ្នាំ ស្រ្តីជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ, ប្តីជនជាតិអាមេរិកអាយុ៥៩ឆ្នាំ និងប្រពន្ធជនជាតិអាមេរិកអាយុ៦២ ឆ្នាំ។ អ្នកទាំង៤នាក់ជាអ្នកដំណើររបស់កប៉ាល់ Viking Cruise ដែលចូលចត នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាលឱ្យដឹងផងដែរថា នៅថ្ងៃនេះមានអ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ ត្រូវបានព្យាបាលជាសះស្បើយទាំងស្រុង ក្នុងនោះមាន២នាក់ នៅខេត្តត្បូងឃ្មុំ និង២នាក់នៅខេត្តបាត់ដំបង។ អ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយនៅខេត្តត្បូងឃ្មុំ មានបុរសអាយុ៦១ឆ្នាំ និងបុរសអាយុ៥៣ឆ្នាំ ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តត្បូងឃ្មុំនៅថ្ងៃនេះ។ ចំណែកអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយនៅខេត្តបាត់ដំបង គឺបុរសអាយុ៤១ឆ្នាំ និងបុរសអាយុ៤២ឆ្នាំ ដែលត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ។
គិតរហូតមកដល់យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩១នាក់ ដែលក្នុងនោះមាន នារី២៤នាក់ បុរស៦៧នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់៕