អ្នកនាំពាក្យក្រសួងក្រសួងសុខាភិបាល ៖ ​ការ​ចម្លង​​កូវីដ​១៩​នៅ​សៀមរាប និង​បាត់ដំបង មិនទាន់​ចាត់ទុកជា​ការ​ចម្លង​ក្នុង​សហគមន៍
ដោយ Heng  ថ្ងៃទី 20 March, 2020  ម៉ោង 08:02 | សន្តិសុខ​សង្គម

(ភ្នំពេញ) ​៖​ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា ការ​ចម្លង​កូ​វីដ​១៩​ក្នុង​ប្រទេស​មានតែ ការ​ចម្លង​បន្ត​ពី​ប្តី​ទៅ​ប្រពន្ធ​២​គូ នៅ​បាត​ដំបង និង​ការ​ចម្លង​ពី​បុរស​ជនជាតិ​ជប៉ុន​ម្នា​ក់​នៅ​សៀមរាប​ប៉ុណ្ណោះ តែ​មិនទាន់​ចាត់ទុកជា​ការ​ចម្លងក្នុង​សហគមន៍​នៅឡើយ​ទេ។

លោកស្រី​វេជ្ជបណ្ឌិត បានលើកឡើង​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ ជាការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​អ្នកសារព័ត៌មាន​ក្នុង​បណ្ដាញ​អ៊ី​ណ​ស្ដា​ក្រាម។

ឆ្លើយ​ទៅ​នឹង​សំណួរ​វិធានការ​ស្វែងរក​អ្នក​ពាក់ព័ន្ធ​បែប​ណា​នោះ​ អ្នកនាំពាក្យ​រូប​នេះ បាន​បញ្ជាក់​​ដូច្នេះ​ថា «​គេ​កំពុង​ធ្វើ​ហើយ​។ ព្រោះតែ​បាន​ធ្វើ ទើប​រក​ឃើញ​មាន​ភរិយា​២​នាក់​ឆ្លង​ពី​ស្វា​មីនោះ​។ ភាគច្រើន​លើសលប់​គឺ​អវិជ្ជមាន​។ ដូច្នេះ មានតែ​ការ​ចម្លង​បន្ត​ពី​ប្តី​ទៅ​ប្រពន្ធ​២​គូ​នេះ​នៅ​បាត​ដំបង និង​ការ​ចម្លង​ពី​បុរស​ជនជាតិ​ជប៉ុន​ម្នា​ក់​នៅ​សៀមរាប ប៉ុណ្ណោះ​ដែល​បាន​រក​ឃើញ​ជា​បែប​ចម្លង​ក្នុង​ប្រទេស តែ​មិនទាន់​ចាត់ទុកថា​ជា​បែប​ចម្លង​នៅ​ក្នុង​សហគមន៍​នោះឡើយ​។ សូម​បងប្អូន​សាធារណជន​មេត្តា​ជ្រាប​។ អរគុណ​»​។​

គួរ​បញ្ជាក់​ថា យោងតាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​, គិត​ត្រឹម​ម៉ោង​២១​យប់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០ ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ សរុប​ទាំងអស់​មាន​ចំនួន​៤៧​នាក់​(​ស្រី​០៤​នាក់ ប្រុស​០៤​នាក់​) ដែល​ក្នុង​នោះ​មាន​ជនជាតិ​ចិន​០១​នាក់ (​នៅ​ខេត្ត​ព្រះសីហនុ​បានជា​សះស្បើយ​) អង់គ្លេស​៣​នាក់ កាណាដា​១​នាក់ ប៊ែ​ល​ហ្សិ​ក​១​នាក់ បារាំង​២​នាក់ ( ក្នុងនោះ​មានកូន​ប្រុស​បង្កើត​អាយុ​០៤​ខែ​) ម៉ាឡេស៊ី​១១​នាក់ ខ្មែរ​២៨​នាក់ (​ក្នុងនេះ​អ្នក​ដែល​វិលត្រឡប់​មកពី​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​២៣​នាក់​និង​មាន​ស្ត្រី​០២​នាក់​(​មិនបាន​ធ្វើដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​) ជា​ភរិយា​ឆ្លង​ពី​ស្វាមី​)៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...