(ខេត្តសៀមរាប)៖ បុរសជាម្ចាស់គណនីហ្វេសប៊ុគ «ឡន លី គ្រួសាររីករាយ» មានឈ្មោះ ភុត ថុនា ភេទប្រុសអាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិបឹងដូនប៉ា សង្តាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិត និងបំពុលសង្គម កាលពីថ្ងៃទី៥ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០កន្លងទៅ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។
ជនត្រូវចោទរូបនេះ ត្រូវបានលោក មុយ សុភ័ក្រ្ត ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបសម្រេច ឃុំខ្លួនបណ្តោះអាសន្ន នៅពន្ឋនាគារខេត្តសៀមរាប នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ។
សូមរំឭកថា កម្លាំងនគរបាលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទផ្សពផ្សាយព័ត៌មានមិនពិត នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ដោយមានការអនុញ្ញតពីលោកស្នងការនគរបាលខេត្ត និង សម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
កងកម្លាំងនគរបាល ផែនការងារសន្តិសុខ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយសហការណ៍ អធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្តិ៍នគរបាលសង្កាត់ស្លរក្រាម ចុះទៅធ្វើការនាំខ្លួន ម្ចាស់គណនីហ្វេសប៊ុគ “ឡន លី គ្រួសាររីករាយ” ឈ្មោះ ភុត ថុនា ភេទប្រុស អាយុ៣២ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ បឹងដូនប៉ា សង្តាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិត និងបំពុលសង្គម កាលពីថ្ងៃទី០៥ និង ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ កន្លងទៅ ដែលធ្វើឱ្យ ប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់សង្គម មកសាកសួរ។
ក្រោយការសាកសួរសាមីខ្លួនបានសារភាព ចំពោះមុខសមត្ថកិច្ច ហើយត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់៕