(ភ្នំពេញ)៖ ក្រោយពីការរកឃើញបុរសជនជាតិខ្មែរម្នាក់បានឆ្លងជំងឺខូវីដ១៩(Covid-19)ហើយប្រកាសជាផ្លូវការដោយក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី៧ ខែមីនាឆ្នាំ២០២០ រួចមក មកក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីការសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ឧត្តមសិក្សា នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបផងដែរ។
ក្នុងសេចក្តីប្រកាសដែលចេញផ្សាយកាលពីយប់ថ្ងៃទី៧ខែមីនា ក្រសួងអប់រំបានជម្រាបជូនដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូបុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សនិងសាធារណជនទាំងអស់មេតាជ្រាបថា គ្រឹះស្ថានសិក្សាទាំងអស់ នៅក្នុងក្រុងសៀមរាប ត្រូវបិទទ្វារផ្អាកការសិក្សា ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដែលនេះ គឺជាវិធានការ ក្នុងការចូលរួមទប់ស្កាក់ ការរីករាលដាល់នៃជំងឺ Covid-19 បន្ទាប់ពីរកឃើញកើតមានលើបុរសជនជាតិខ្មែរមួយរូបដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19ហើយបានចាកចេញពីខេត្តសៀមរាបទៅកាន់ប្រទេសជប៉ុនកាលពីថ្មីៗមកនេះ។
សេចក្តីប្រកាសដដែលបានបញ្ជាក់ដោយអំពាវនាវឱ្យគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធទាំងអស់រួមមានទាំងលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស អាណាព្យាបាល និងសាធារណជនចូលរួមសហការដោយស្មារតីយោគយល់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការទប់ស្កាត់របស់ក្រសួងងអប់រំយុវជន និងកីឡានិងពិសេសតាមដានការផ្សព្វផ្សាយទាំងអស់របស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល។
មុនក្រសួងអប់រំប្រកាសគឺលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រកាសនៅក្នុងសន្និសីទកាសែតនៅយប់ថ្ងៃទី៧ ខែមីនានេះ ដែរអំពីការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដោយសម្រេចឱ្យបិទសាសារៀនទាំងអស់នៅក្នុងក្រុងសៀមរាបមួយរយៈ និងផ្អាកគម្រោងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលនឹងប្រារព្ធក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាខែមេសាខាងមុខ។
ក្រសួងសុខាភិបាលបានប្រកាសអំពីលទ្ធផលនៃការពិសោធនលើសំណាកមនុស្សបួននាក់ដែលប៉ះពាល់ជាមួយជនជាតិជប៉ុនដែលបញ្ជាក់ថាមានខូវីដ១៩ គឺមានបុរសអាយុ៣៨ឆ្នាំត្រូវបានរកឃើញថាមានខូវីដ១៩៕