(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជាបានចេញមកប្រកាសជាសាធារណៈបានរកឃើញ មេរោគកូវីត១៩ មួយករណីទៀត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ក្នុងចំណោម ៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។
ការប្រកាសអំពីភាពវិជ្ជមាន នៃមេរោគកូវីត១៩ នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើងដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅក្នុងសន្និសីទកាសែតមួយ នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា ។
ការរកឃើញជំងឺកូវីត១៩ថ្មីនៅកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានយកកំហាកមនុស្សសង្ស័យ ៤នាក់ នៅខេត្តសៀមរាប ដែលធ្វើការងារស្និទ្ធជាមួយជនជាតិជប៉ុនម្នាក់ ដែលឆ្លងមេរោគកូរ៉ូណាហើយចាកចេញពីខេត្តសៀមរាប ទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសវៀតណាម។
ដោយឡែកមនុស្ស៣នាក់ក្នុងចំណោម៤នាក់នោះ ពុំមានការឆ្លងនោះទេ ខណៈដែលក្រសួងសុខាភិបាល នឹងតាមរយៈពេល១៤ថ្ងៃបន្តទៀត ដោយទុកពួកគេនៅស្ថិតនៅដាច់ដោយឡែក៕