
(ខេត្តព្រះសីហនុ)៖ ក្រុមអ្នករត់ការនាំទំនិញចេញចូលនៅតំបន់សេដ្ឋកិច្ចពិសេសបាននិយាយថា លោក ម៉េង ផល្គុន មេគយ និងរដ្ឋាករគ្រប់គ្រងទំនិញរួចពន្ធតំបន់សេដ្ឋកិច្ចពិសេសទាំង៣ទីតាំងក្នុងខេត្តព្រះសីហនុរួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ, តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបិតត្រាំង និង តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ។ លោក ម៉េង ផល្គុន ដែលស្គាល់ថាជាប្អូនថ្លៃ លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កំពុងប្រើតួនាទី និងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងញាក់សាច់។
ក្រុមអ្នករត់ការគយ ឬជើងសារគយ ប្រចាំតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ខេត្តព្រះសីហនុ បានចោទ លោក ម៉េង ផល្គុន ដែលតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឬអ្នករត់ការហៅថា មេគយប្រចាំតំបន់សេដ្ឋកិច្ចពិសេសចំនួនបី ក្នុងខេត្តព្រះសីហនុ ថា បានយកតួនាទី របស់ខ្លួន ទៅគាបសង្កត់ក្រុមអ្នករត់ការគយ ឬជើងសារគយ ដោយតម្រូវឲ្យពួកគេបង់លុយក្រោមតុចន្លោះចាន់ពីជាង ១៣០ ដុល្លារសហរដ្ឋអាមេរិក ទៅដល់ ១៤០ដុល្លារ ជូនមន្ត្រីខាងលើនេះ ក្នុងទំនិញ ឬអីវ៉ាន់មួយកុងតឺន័រជាមុនសិន។ ទើបមន្ត្រីរូបនេះ ចាប់ផ្ដើមពិនិត្យឯកសារ រួចអនុញ្ញាតឱ្យយកទំនិញចេញ ឬ ចូលក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ក្រុមអ្នករត់ការទំនិញបានបន្តថា ក្នុងនាមលោក ម៉េង ផល្គុន
អ្នករត់ការហៅលោកថា “មេតំបន់ៗ”នោះ ពួកគេបានចោទលោក ម៉េង ផល្គុន ថាបានយកតួនាទី របស់ខ្លួនទៅគាបសង្កត់អ្នករត់ការគយ ឬជើងសារគយ តម្រូវឱ្យបង់លុយក្រៅ ដែលគ្មានវិក្កយបត្រ ចាប់ពី ១៣២ដុល្លារអាមេរិក រហូតដល់ ១៤២ដុល្លារ ក្នុងមួយទូរកុងតឺន័រ នៃទំនិញនាំចូលរួចពន្ធ និង ទំនិញនាំចេញ ដែលក្នុងមួយខែៗ អាចមានទូរកុងតឺន័រឆ្លងកាត់គិតជាមធ្យមមានប្រមាណចន្លោះចាប់ពី ៦០០ ទៅ ៧០០ ទូរកុងតឺន័រ។
បន្ថែមពីលើនេះតំណាងក្រុមហ៊ុនមួយបានបញ្ជាក់ថា អ្វីដែលក្រុមជើងសារគយបានលើកឡើង និងចោទ លោក ម៉េង ផល្គុន ថាបាទទួលលុយជាកញ្ចប់ចំនួន ចន្លោះចាប់ពីជាង ១៣០ ទៅជាង ១៤០ដុល្លារ ក្នុងមួយទូរទំនិញនោះ គឺមិនខុសទេ ព្រោះលុយទាំងនោះ ត្រូវគេគិតទាំងតម្លៃបំពេញបែបបទ ឬឯកសារផ្សេងៗ, តម្លៃមេស៊ីញ៉េ, តម្លៃមន្ត្រីគយ ជាកូនចៅចុះពិនិត្យ និងតម្លៃមន្ត្រីគយ និងរដ្ឋាករ ជាកូនចៅចុះបញ្ជីស្នាមផ្សេងៗជាដើម..។
ក្រុមអ្នករត់ជើងសារគយបានអះអាងថា បើក្រុមហ៊ុនទាំងឡាយណាមិនបង់លុយចំនួន ១៣២ដុល្លារ ទៅ ១៤២ដុល្លារ ជូនមន្ត្រីគយ និងរដ្ឋាករទេ គឺមន្ត្រីគយ នឹងកាក់ផ្អឹបឯកសារ និងមិនស៊ីញ៉េ នៅលើឯកសារនាំចេញ នាំចូលទំនិញទាំងនោះទេ។ ពោលគឺ ដូចគ្នាគយ ចាប់កុងតឺន័រទំនិញទាំងនោះទុក មិនឱ្យដឹកចេញ ឬចូល បានទេ។ ប្រភពពីក្រុមអ្នករត់ការគយបន្តទៀតថាទៀតថា ចំនួនទឹកលុយក្រោមតុខាងលើ គឺមន្ត្រីគយ អាចពន្យាពេលបង់ ក្នុងរយៈពេលមួយសប្ដាហ៍ ប៉ុន្តែត្រូវបង់លុយឬទូទាត់ឱ្យអស់នៅចុងសប្ដាហ៍នីមួយៗ បើទោះជាក្រុមហ៊ុនខ្លះ មានទំនិញ១០០ទូរ បែបណាក៏ដោយចុះ គឺត្រូវតែបង់លុយ នៅចុងសប្ដាហ៍ឱ្យរួចរាល់អស់ ជាមុនសិន។
ក្រុមអ្នករត់ការទំនិញ ឬជើងសារគយ នៅតែអាះអាងបញ្ជាក់ថា ក្នុងមួយទូរកុងតឺន័រដឹកទំនិញ គឺប្រាប់ចំណូលចូលរដ្ឋ ដែលត្រូវបង់តាមវិក្កយបត្រមានត្រឹម ១៥.០០០(មួយម៉ឺនប្រាំពាន់រៀល)តែប៉ុណ្ណោះ ។ ប៉ុន្តែចូលក្នុងហោប៉ៅ របស់មន្ត្រីឆ្លៀតឱកាសមានចំនួនជាង ១៣០ ទៅ ១៤០ ដុល្លារ ខណៈទំនិញនាំចេញត្រូវបង់ ១០៥ដុល្លារ ទៅ ១១០ដុល្លារ ក្នុងមួយទូរកុងតឺន័រ។ ហើយថា ក្នុងមួយថ្ងៃៗ អាចមានកុងតឺន័រទំនិញរួចពន្ធនាំចូល និងដឹកចេញយ៉ាងតិច ២០០ទូរកុងតឺន័រ ដែលត្រូវឆ្លងកាត់តួនាទីសម្រេច របស់ លោក ម៉េង ផល្គុន ដោយគេមិនទាន់គិតដល់ ទំនិញនាំចូលត្រូវបង់ពន្ធផងទេ។
ពាក់ព័ន្ធនឹងអ្នករត់ការទំនិញដែលបានលើកឡើងខាងលើនេះអង្គភាពគេហទំព័រ ម្លប់ខ្មែរ នៅមិនទាន់អាចទាក់ទង លោក ម៉េង ផល្គុន ប្រធានការិយាល័យគយ និង រដ្ឋាករកម្ពុជា ប្រចាំតំបន់សេដ្ឋកិច្ចពិសេសទាំងបីនាខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ របស់ករបស់ក្រុមអ្មករត់ការទំនិញបាននៅឡើយទេ៕
