(ខេត្តព្រះសីហនុ)៖ សភាពាណិជ្ជកម្មខេត្តព្រះសីហនុកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំសន្និតបូកសរុបការងារឆ្នាំ ២០១៩ និងលើកទិសដៅឆ្នាំ ២០២០ ដើម្បីពង្រឹងគុណភាព និងពង្រីកសមត្ថភាពការងាររបស់ខ្លួន។
ថ្លែងក្នុងឱកាសនោះផងដែរ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានគូសបញ្ជាក់រថាសភាពាណិជ្ជកម្មខេត្តព្រះសីហនុត្រូវបានបង្កើតឡើងអស់រយៈពេល ១៥ឆ្នាំមកហើយ ក្រោមការជួយជ្រោមជ្រែងរបស់ក្រសួងពាណិជ្ជកម្ម និងការយកចិត្តទុកដាក់សហការយ៉ាងជិតស្និទ្ធពីរដ្ឋបាលថ្នាក់ខេត្ត ។
សម្រាប់ឆ្នាំ ២០២០ សភាពាណិជ្ជកម្មខេត្តព្រះសីហនុបានដាក់ចេញនូវសកម្មភាពចំបង់ៗ ដូចជា ៖
១. ការបណ្ដុះបណ្ដាលធនធានមនុស្ស ៖ សភាពាណិជ្ជកម្មគ្រោងរៀបចំវគ្គបណ្ដុះបណ្ដាលជាច្រើនដល់វិស័យឯកជនក្នុងខេត្តក្នុងនោះរួមមានការបណ្ដុះបណ្ដាលច្បាប់នានាស្ដីពីពន្ធដារ វគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំ វគ្គបណ្ដុះបណ្ដាលស្ដីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ “Financial Literacy” វគ្គបណ្ដុះបណ្ដាលទាក់ទងនឹងបច្ចេកវិទ្យាជួយដល់ការធ្វើអាជីវកម្ម ។ល។
២. ការជំរុញការវិនិយោគ ៖ តាមការឯកភាពពីឯកឧត្ដមអភិបាលខេត្ត សភាពាណិជ្ជកម្មខេត្តព្រះសីហនុ នឹងរៀបចំនូវឯកសារផ្សព្វផ្សាយ ដើម្បីទាក់ទាញអ្នកវិនិយោគ “Investment Guide” ហើយគ្រោងនឹងរៀបចំជាវេទិកាសេដ្ឋកិច្ចសម្រាប់ខេត្តព្រះសីហនុ “Sihanoukville Economic Forum” ដើម្បីទាក់ទាញអ្នកវិនិយោគគ្រប់ទិសទីឱ្យបានស្គាល់ខេត្តព្រះសីហនុ លើសពីនេះទៀតក្រោយពី រៀបចំបានឯកសារផ្សព្វផ្សាយទាក់ទាញអ្នកវិនិយោគរួចហើយ សភាពាណិជ្ជកម្មនឹងយកឯកសារ ទាំងនេះ ទៅផ្សព្វផ្សាយតាមកិច្ចប្រជុំនានានៅបរទេស ដូចជាចិន ជប៉ុន កូរ៉េ ថៃ វៀតណាម និងប្រទេសគោលដៅ ធ្វើយ៉ាងណាឱ្យអ្នកវិនិយោគស្គាល់ខេត្តព្រះសីហនុច្រើនតាមដែលអាចធ្វើទៅបាន ។
៣. ការជំរុញវិស័យទេសចរណ៍ ៖ វិស័យទេសចរណ៍ គឺជាវិស័យស្នូលមួយរបស់ខេត្តព្រះសីហនុ ដូចនេះការជំរុញវិស័យទេសចរណ៍ គឺផ្នែកមួយដ៏សំខាន់បំផុតរបស់សភាពាណិជ្ជកម្ម ហើយកំណត់នូវសកម្មភាពដែលត្រូវធ្វើសម្រាប់ឆ្នាំ ២០២០ រួមមានការរៀបចំផ្នែកការផ្សព្វផ្សាយទេសចរណ៍ថ្នាក់ខេត្ត “Sihanoukville Tourism Marketing Plan” ការរៀបចំសកម្មភាពផ្សព្វផ្សាយពីទេសចរណ៍ តាមផែនការដែលបានឯកភាពគ្នា ។ ដោយមើលឃើញវិស័យទេសចរណ៍ក្នុងខេត្តនៅខ្វះខាតអាជីវកម្មគាំទ្រ សភាពាណិជ្ជកម្មនឹងបង្កើតជាកម្មវិធីជំរុញឱ្យមានអាជីវកម្មថ្មីៗ “Business Incubation program” ដែលអាជីវកម្មថ្មីៗទាំងនេះ នឹងទៅបំពេញចន្លោះខ្វះខាតនៃវិស័យទេសចរណ៍ ។ ចូលរួមយ៉ាងសកម្មជាមួយមន្ទីរទេសចរណ៍ខេត្តព្រះសីហនុក្នុងការបង្កើតតំបន់ទេសចរណ៍មនុស្សពេញវ័យ ដែលជាគំនិតផ្ដួចផ្ដើមថ្មីមួយទៀត ។ លើសពីនេះសភាពាណិជ្ជកម្ម នឹងគ្រោងរៀបចំជាវេទិកាអាជីវកម្មទេសចរណ៍ខេត្តព្រះសីហនុ “Sihanoukville Tourism Business Forum” ដែលវេទិកានេះនឹងជួយលើកទឹកចិត្ត ដល់អ្នករកស៊ីក្នុងវិស័យទេសចរណ៍ឱ្យកាត់តែមានការកើនឡើង ។
៤. កិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ ៖ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ នឹងបន្តជួបពិភាក្សាជាមួយដៃគូអន្តរជាតិបន្តទៀត ធ្វើយ៉ាងណាអាចនាំសមាជិកទៅសិក្សាស្វែងយល់ពីការធ្វើអាជីវកម្មនៅតាមប្រទេសជឿនលឿន ដូចជាជប៉ុន កូរ៉េ ម៉ាឡេស៊ី ឥណ្ឌា ចិន ថៃ វៀតណាម ។ មកទល់នឹងពេលនេះ យើងបានធ្វើការទំនាក់ទំនងយ៉ាងល្អជាមួយស្ថានទូតវៀតណាមប្រចាំកម្ពុជា ស្ថានទូតកូរ៉េ “ដែលថ្មីៗ ទើបជ្រើសរើសសមាជិករបស់យើងឱ្យទៅធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េ” ម៉ាឡេស៊ី ខ្ញុំសង្ឃឹមថាក្រោមកិច្ចសហប្រតិបត្តិការណ៍ទាំងនេះ នឹងកាន់តែនាំមកនូវផលប្រយោជន៍ជាច្រើនដល់វិស័យឯកជនក្នុងខេត្តព្រះសីហនុ ។
៥. ការចូលរួមកិច្ចការងារសង្គម ៖ សភាពាណិជ្ជកម្ម នឹងបន្តចូលរួមជាមួយរដ្ឋបាលថ្នាក់ខេត្តគ្រប់សកម្មភាពទាំងអស់តាមការស្នើសុំ និងលទ្ធភាពជាក់ស្ដែង ក្រៅពីនេះសភាពាណិជ្ជកម្មក៏នឹងគ្រោងបង្កើតជាកម្មវិធី ទិវាបរិស្ថាន និងទេសចរណ៍ ដែលយើងអាចធ្វើឱ្យបរិស្ថានយើងស្អាតផង ថែមទាំងជាការជំរុញវិស័យទេសចរណ៍ក្នុងខេត្ត ។
៦. ជំរុញការប្រើប្រាស់ផលិតផលខ្មែរ៖ បង្កើតយន្តការផ្សព្វផ្សាយទៅដល់សណ្ឋាគារ ភោជនីយដ្ឋានក្នុងខេត្តទាំងអស់ គាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ។
ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មខេត្តព្រះសីហនុ . ឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសារទរ និងបញ្ជាក់ថាក្នុងរយៈ១៥ ឆ្នាំ នៃការបង្កើតសភាពាណិជ្ជកម្មខេត្តព្រះសីហនុ យើងមិនដែលបានធ្វើសន្និបាតបែបនេះនោះទេ ហើយនេះជាលើកទីមួយ និងជាគម្រូវសម្រាប់សភាពាណិជ្ជកម្មខេត្តផ្សេងៗ រៀបសូត្រតាមផងដែរ ។
នាឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ៖ ខ្ញុំ សូមសរសើរដោយស្មោះ ចំពោះសភាពាណិជ្ជកម្មខេត្តព្រះសីហនុដែលបានរៀបចំពិធីសន្និបាទនាវាលាថ្ងៃនេះ ហើយវាជាការបង្ហាញពីភាពរឹងមាំរបស់សភាពាណិជ្ជកម្មខេត្ត ។ ជាមួយគ្នានេះដែរ សភាពាណិជ្ជកម្មកម្ពុជា នឹងបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ហើយជួយជំរុញឱ្យអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនផងដែរ ។
ដោយឡែក ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុបានថ្លែងដែរថា ៖ សភាពាណិជ្ជកម្មគឺជាស្ថាបនឯកជនតែមួយគត់ក្នុងខេត្តព្រះសីហនុ តំណាងឱ្យសំលេងវិស័យឯកជនក្នុងខេត្តព្រះសីហនុ ដើម្បីពិភាក្សាកិច្ចការងារផ្សេងៗ ជាមួយរាជរដ្ឋាភិបាល ។ ជាការឆ្នើយតបនឹងសំណើររបស់សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដែលបានរាយការណ៍ពីបញ្ហាប្រឈមរបស់អ្នករកស៊ីក្នុងខេត្តព្រះសីហនុ ក្នុងតំណាងរដ្ឋាភិបាល បានយកចិត្តទុកដាក់លើសំណើរទាំងនោះណាស់ ក្នុងនោះយើងបានរៀបចំជាយន្តការណ៍ជួយជំរុញអ្នកវិនិយោគឱ្យកសាងអាគារ ឱ្យបានចប់សព្វគ្រប់នៅពេលដែលផ្លូវបានធ្វើរួចរាល់ រៀបចំជាយន្តការណ៍លើកទឹកចិត្តនានាជួយដល់អ្នករកស៊ីក្នុងខេត្តដែលកំពុងជួបប្រទះនូវបញ្ហាប្រឈម ជំរុញ និងពង្រីកសក្ដានុពលផ្នែកទេសចរណ៍ ៕