
(ខេត្តកណ្តាល)៖ មានសេចក្តីរាយការណ៍ថា លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ប្រតិកម្មយ៉ាងខ្លាំងក្រោយទទួលព័ត៌មានថា លោកផ្កាយ១ ស្រេង សុខា ស្នងការរងខេត្តកណ្តាល យកឈ្មោះគាត់ ពីមុនជាអភិបាលខេត្តកណ្តាលទៅបញ្ជាចៅសង្កាត់រកាខ្ពស់ ស៊ីញ៉េដីរដ្ឋជាង ៤០ហិកតា ជាការប្រមាថធ្ងន់ធ្ងរដល់អំណាចគណៈបញ្ជាការឯកភាពខេត្ត ហើយធ្វើមន្ត្រីថ្នាក់មូលដ្ឋានខ្លាចរអា ដោយមិនដឹង ពីលោកស្នងការរងរូបនេះមានគំនិតទុច្ចរិត ។ហើយលោកបានបញ្ជាឱ្យដកតំណែងលោកផ្កាយ១ ស្រេង សុខា ស្នងការរងខេត្តកណ្តាល។
ប្រភពបានឱ្យដឹងថា លោកម៉ៅ ភិរុណ កាលជំនាន់នៅជាអភិបាលខេត្តកណ្តាល និង បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ធ្វើយ៉ាងណាដកតំណែង លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាល អោយទាល់តែបាន ព្រោះថ្លើមធំខ្លាំងណាស់ ហ៊ានយកឈ្មោះរបស់លោកបញ្ជាចៅសង្កាត់រកាខ្ពស់ អោយកាត់ដីរដ្ឋជាង៤០ហិកតា ។
លោក ម៉ៅ ភិរុណ បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានបញ្ជាចំពោះមុខលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល និង កណ្តាលចំណោម មនុស្សជាង៧០០នាក់ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្ដាល ។ ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឱ្យដឹងនៅរសៀលថ្ងៃទី៥ ខែមីនា នេះ ថា លោក ម៉ៅ ភិរុណ ពិតជាបានបញ្ជាលោកបែបនេះមែន ។ លោក ឈឿន សុចិត្ត អះអាងថា ពេលនេះលោកកំពុងចាត់ការករណីនេះ ហើយ ។
ប្រភពបន្តថា លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាល បានយកអំណាចខ្លួននិងយកឈ្មោះលោក ម៉ៅ ភិរុណ កាលនៅជាអភិបាលខេត្តកណ្តាល បានគំរាម លោក ឈឿង ឆូ ចៅ សង្កាត់រកាខ្ពស់ ឱ្យស៊ីញ៉េយកដីសម្បត្តិរដ្ឋ ជាង៤០ហិកតា នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពរំឭថា លោកស្នងការរង ស្រេង សុខា កន្លងមកមានរឿងមិនចេះចប់ មិនចេះហើយ បង្ហាញអំណាច បុណ្យស័ក្តិ ទ្រព្យសម្បត្តិ ភាពហឺហា បោះលុយដ៏សំញ៉ែងចូលស្តីដណ្តឹងកូនក្រមុំនៅអ្នកលឿងជូនថ្លៃទឹកដោះ ១០ម៉ឺនដុល្លារ សំញែងទ្រព្យសម្បត្តិធ្វើឱ្យល្បីពេញហ្វេសប៊ុក ទទួលការរិៈគន់ពីមជ្ឈដ្ឋានមន្ត្រីរាជការ ហើយអង្គភាពប្រឆាំងអំពើពុករលួយក៏បានចំណាត់ការក្នុងរឿងនេះ។ ប៉ុន្តែត្រូវបានរួចខ្លួនមួយគ្រា។
អ្នកក្រុងតាខ្មៅបានលើកឡើងថា លោកស្នងការរង ស្រេង សុខា បើកអាជីវកម្មផ្ទះសំណាក់ក៏រំខានដល់អ្នកជិតខាង ហើយក្មេងៗដ៏ពពាក់ពពូនគ្នាមកស្នាក់នៅ ប្រើប្រាស់សារធាតុញៀន រហូតដល់អាជ្ញាធរ សមត្ថកិច្ចចុះធ្វើរដ្ឋបាល ឃាត់ខ្លួនបានជាច្រើននាក់បញ្ជូនទៅតុលាការ។
ពាក់ព័ន្ធនឹងករណីនេះ អង្គភាពគេហទំព័រខ្មែរអង្គរ មិនទាន់សុំការបំភ្លឺភាគីពាក់ព័ន្ធទាំងអស់បននៅឡើយទេ៕
