(ភ្នំពេញ)៖ ប្រុសម្នាក់ផ្ដើមចេញពីប្រចណ្ឌប្រពន្ធហាមមិនឱ្ុទៅធ្វើការកន្លែងផឹកស៊ី ប្រពន្ធមិនស្ដាប់តាមលួចទៅធ្វើការ ហើយបានទៅរករឿងដល់ហាងប្រើកំបិតកាប់បំផ្លាញទៅសម្លាប់ខ្លួននិងដកកាំភ្លើងភ្ជង់គំរាម បង្កឲ្យភ្ញៀវរត់ជ្រួលច្របល់។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល
កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចហាងមួយកន្លែងយីហោផ្ទះ “បៃតង” តាមបណ្ដោយផ្លូវលេខ១៥ កែងផ្លូវ១៣៦ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប្រាប់ថា ជនបង្កឈ្មោះ បូរ ចម្រើន ភេទប្រុស ៤២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ ផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មុនពេលកើតហេតុជនបង្ក បានទៅអង្គុយផឹកមុខផ្ទះរបស់ខ្លួន ពេលស្រវឹង ឃើញប្រពន្ធដែលរត់ចេញពីផ្ទះ ទៅធ្វើការក្នុងហាងនោះ ក៏មានចិត្តប្រចណ្ឌប្រពន្ធ និងខឹងម្ចាស់ហាង រួចនិយាយថា មកពីម្ចាស់ហាងចង់ដឹកនាំឱ្យប្រពន្ធខ្លួនមានប្រុសផ្សេង ខឹងដល់កម្រិតទាញកាំបិត ដើរចូលទៅកាប់តុ ទូ បោកកែវ និងដកកាំភ្លើងជ័រគំរាម បណ្ដាលឱ្យមនុស្សម្នាក្នុងហាង ផ្អើលរត់ជាន់ជើងគ្នាតែម្ដង។
សមត្ថកិច្ចឱ្យដឹងទៀតថា ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង និងទារថ្លៃខូចខាតជាទឹកប្រាក់ចំនួន ៦,០០០ដុល្លារ រីឯជនបង្កសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕